ភ្នំពេញ ៖ ក្រសួងអប់រំ យុជន និងកីឡា បានឱ្យដឹងថា ដំណើរការសំណេរ នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ បានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ ខុសប្រក្រតីកើតមានឡើង គួរឱ្យកត់សម្គាល់នោះទេ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា «ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៥-៦ ធ្នូ ២០២២ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការខុសប្រក្រតី កើតមានឡើង គួរឱ្យកត់សម្គាល់នោះទេ»។

ក្រសួង បន្ដថា ចំណែកបេក្ខជន ដែលបានចេញពីការប្រឡង មានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថា ដំណើរការប្រឡង មធ្យមសិក្សាទុតិយភូមិ ពិតជាប្រព្រឹត្តទៅដោយគោរព តាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

សូមរំលឹកថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ មានបេក្ខជន សរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួម ដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះ ប្រឡងសរុបចំនួន១៧ ២៤០ នាក់ជំនួយការអប្បមាទ ដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់ ។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២ ៧០០នាក់៕

