ព័ត៌មានជាតិ

កម្ពុជា នឹងបន្ដស្វែងរកអដ្ឋិធាតុ ទាហានអាមេរិក ដែលនៅសេសសល់ ៤៨រូបទៀត

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាមិនប្រែប្រួលនោះទេគឺនៅតែបន្តការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួននៅកម្ពុជា ខណៈបច្ចុប្បន្ននៅសល់ ៤៨រូបទៀត។

នាឱកាសអនុញ្ញាតឲ្យលោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធជាតិនៃគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួនក្នុងអាស៊ីអាគ្នេយ៍ ហៅកាត់ថា (POW/MIA) ចូលជួមសម្តែងការគួរសម នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា យន្តការទាំងអស់របស់ប្រទេសកម្ពុជា នឹងត្រៀមខ្លួនសហការជាមួយគម្រោងរបស់លោកស្រី ពាក់ព័ន្ធនឹងការងារស្វែងរកអដ្ឋិធាតុនេះ សម្រាប់ឆ្នាំ២០២២ នឹងឆ្នាំ២០២៣ទៅមុខទៀត។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនមានការប្រែប្រួលទេគឺនៅតែបន្តផ្តល់ការគាំទ្រដល់ការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះ ដែលបច្ចុប្បន្ននៅសល់៤៨រូបទៀត»។

ជាការឆ្លើយតបលោកស្រី Ann Mills-Griffiths បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលផ្តល់កិច្ចសហប្រតិបត្តិការល្អជាងគេ ក្នុងចំណោមប្រទេសដែលកម្មវិធីស្វែងរកអដ្ឋិធាតុនេះ កំពុងមានប្រតិបត្តិការ។

លោកស្រី បន្ដថា ទោះក្នុងស្ថានភាពកូវីដ-១៩ ក្តី ប្រទសកម្ពុជា បានបង្ហាញថា មិនមានភាពថមថយក្នុងការរុករកនូវអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះទេ ថែមទាំងមានវឌ្ឍនភាពទៅមុខជានិច្ច ជាងនេះទៅទៀត ប្រទេសកម្ពុជា ក៏ធ្លាប់បានធ្វើការជាមួយអង្គភាពដៃគូររបស់សហរដ្ឋអាមេរិក៕

To Top