ស្វាយរៀង ៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី៧ខែ ធ្នូ ឆ្នាំ២០២២នេះ បានបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូDBST ប្រវែង៤៥០០ម៉ែត្រទទឹង៧ម៉ែត្រ និងសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវផ្លូវបេតុងអាម៉េ មួយខ្សែប្រវែង៨៨៧ម៉ែត្រទទឹង៤ម៉ែត្រ ស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
នៅក្នុងឱកាសនោះលោកអភិបាលក្រុងបាវិត បានធ្វើការក្រើនរំលឹក និងជំរុញដល់ប្រជាពលរដ្ឋទាំងអស់កុំព្រលែងសត្វពាហៈហនៈដែលចិញ្ចឹមពាសវាល ពាសកាល និយាយជារួម គឺរួមគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលកើតមានឡើងនៅមូលដ្ឋានហើយ ក៏មិនត្រូវសាងសង់សំណង់ នៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាសវាលពាស កាលនៅទីសាធារណៈ ដើម្បីបរិស្ថានស្អាតនិង ទីក្រុងមានសោភណ្ឌភាពល្អ ពីព្រោះថាសំរាមគឺជាបញ្ហាប្រឈមរួមដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ដោះស្រាយ មិនអាចខ្វះបាន នាពេលបច្ចុប្បន្ននេះ។
លោក លឹម សៀងហេង បានបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឲ្យប្រទេសជាតិ មានការរីចំរើន លើគ្រប់វិស័យ ហើយ ក៏មិនប្រកាន់និន្នាការនយោបាយ នោះដែរគឺត្រូវបំរើសេវាជូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានហើយអ្វី ដែលសំរេចបាននោះគឺវាអាស្រ័យដោយមានការ ចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ របស់យើងផងដែរ។
លោកអភិបាលក្រុង បានបន្តទៀតថា នាពេលមកផ្លូវមួយខ្សែនេះ មានសភាពតូចចង្អៀតនិងខូចខាតច្រើន ហើយនៅរដូវវស្សាស្ថានភាពផ្លូវ គឺមានទឹកដក់និងរអិលពិបាក ក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះជាពិសេស គឺនៅពេលបងប្អូនប្រជាពលរដ្ឋ ដឹកកសិផល មកកាន់ទីផ្សារ សិស្សសាលាទៅរៀនសូត្រ និងបងប្អូនកម្មករកម្មការិនី ធ្វើដំណើរតែងតែជួបការលំបាក យ៉ាងខ្លាំងក្នុងការធ្វើដំណើរ។
លោកអភិបាលក្រុងបានបន្ថែមថា សម្រាប់ការពង្រីកនិងការជួសជុល ស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ ពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ សូមជួយសម្រួលដល់អាជ្ញាធរ ក្នុងការជួសជុលស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ ផងដែរ ជាពិសេសគឺផលប៉ះរបង ផ្ទះរបស់ពួកគាត់ ក្នុងការពង្រីកផ្លូវ ។ ហើយនៅពេលផ្លូវនេះបានជួសជុលរួច ហើយសូមឱ្យអ្នកប្រើប្រាស់ ផ្លូវទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ ចរាចរណ៍ផងដែរ ដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃ មិនថានៅទីក្រុងឬជនបទនោះឡើយ។
ជាមួយគ្នាលោកអភិបាល ក្រុងបាវិតបានសំណូមពរ ឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេស អ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយត្រូវគិតថា ផ្លូវជាសម្បត្តិរួមដើម្បីប្រើប្រាស់ បានយូរអង្វែងទៅថ្ងៃក្រោយ៕