ព័ត៌មានជាតិ

កម្ពុជា ឈានមកដល់ បរិបទរក្សាឈើឈរ ដើម្បីបង្កើនចំណូល និងអភិវឌ្ឍន៍ សេដ្ឋកិច្ចមូលដ្ឋាន

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជា ឈានមកដល់បរិបទរក្សាឈើឈរ ដើម្បីបង្កើនចំណូល សម្រាប់ការអភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ។

នាឱកាសអញ្ជើញ ចុះពិនិត្យការធ្វើសារពើភណ្ឌព្រៃឈើ នៅក្នុងឡូត៍គំរូ ដើម្បីវាស់ BIOMASS ដើម្បីគណនាបរិមាណកាបូនស្តុក នៅក្នុងព្រៃ សម្រាប់ការធ្វើរេដបូក ស្ថិតក្នុងភូមិក្រឡាសពាស ឃុំព្រីងទុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្មីៗនេះ លោក សាយ សំអាល់ បានថ្លែងថា ប្រទេសដែលមានសិទ្ធិ ទទួលផលពីគម្រោងរេដបូក (REDD+) គឺជាប្រទេសដែលប្រើប្រាស់ព្រៃឈើ របស់ខ្លួនប្រកបដោយនិរន្តរភាព។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «កម្ពុជាបានឈានមកដល់បរិបទ រក្សាឈើឈរ ដើម្បីបង្កើនចំណូល សម្រាប់ការអភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ។ តាមរយៈការអនុវត្តគម្រោងរេដបូក (REDD+) បានផ្តល់ផលប្រយោជន៍ ជូនប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ តាមរយៈ ការកសាងផ្លូវ ការបំពាក់ប្រព័ន្ធទឹកស្អាត ការដាំដំណាំកសិកម្ម ការផ្តល់ពូជសត្វ មធ្យោបាយ និង សម្ភារ សម្រាប់ការល្បាតព្រៃជាដើម»។

លោក បន្ដថា កម្ពុជាបាន និងកំពុងអនុវត្តគម្រោងរេដបូក (REDD+) ដែលជាយន្តការអន្តរជាតិមួយសម្រាប់ជួយទប់ស្កាត់ការបាត់បង់ និងរេចរិលព្រៃឈើ និងចូលរួមកាត់បន្ថយឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ តាំងពីឆ្នាំ២០០៧ តាមរយៈទីផ្សារកាបូនស្ម័គ្រចិត្ត បច្ចុប្បន្នប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគីរី ខេត្តក្រចេះ (គម្រោងរេដបូកកែវសីមា) ខេត្តកោះកុង និងពោធិ៍សាត់ (គម្រោងរេដបូកក្រវាញខាងត្បូង) ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ (គម្រោងរេដបូកព្រៃទ្បង់) ៕

To Top