ព័ត៌មានជាតិ

ACU កោតសរសើរ ដល់ភាគីពាក់ព័ន្ធ បំពេញភារកិច្ច ប្រកបដោយការទទួលខុស ក្នុងដំណើរការ ប្រឡងបាក់ឌុប

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោតសរសើរ ដល់ភាគីពាក់ព័ន្ធទាំងអស់ បានបំពេញភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ និងគោរពបទប្បញ្ញត្តិ ជាធរមាន ក្នុងដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលថ្មីៗនេះ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ACU នាថ្ងៃទី៧ ធ្នូ នេះ បាន​ឱ្យ​ដឹង​ថា ឆ្នាំ២០២២ ជាឆ្នាំទី៨ និងជាលើកទី៩ ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ចូលរួមសង្កេតការណ៍លើដំណើរការ ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ។

ACU បន្ដថា ក្នុងសម័យប្រឡង ០៥ ធ្នូ ២០២២នេះ មានថ្នាក់ដឹកនាំ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង ៣ ០០០ នាក់ ដោយក្នុងនោះ អង្គភាពប្រឆាំង អំពើពុករលួយ បានរៀបចំមន្ត្រីប្រចាំតាមមណ្ឌលប្រឡង ១នាក់ ក្នុង ១មណ្ឌលប្រឡង និង បានដាក់ពង្រាយអ្នក សង្កេតការណ៍ស្ម័គ្រចិត្ត ដោយអនុវត្ត តាមនិយាម ១នាក់ សង្កត ២បន្ទប់ នៅគ្រប់មណ្ឌលប្រឡងទាំង ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់ ទូទាំងរាជធានី-ខេត្ត ដើម្បីធានាឲ្យបាននូវ គោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន។

ACU បញ្ជាក់ថា «តាមរយៈការសង្កេតការណ៍លើការរៀបចំ និងការប្រព្រឹត្តទៅ នៃដំណើរការសំណេរ អង្គភាពប្រឆាំងអំពើពុករលួយ សូមធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ច មន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានបំពេញភារកិច្ចប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពបទប្បញ្ញត្តិជាធរមាន និងមានចំណាត់ការឆ្លើយតប បានយ៉ាងទាន់ពេលវេលាលើរាល់បាតុភាពនានា ដែលកើតមានឡើងជាយថាហេតុ»។

ACU ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានរៀបចំអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ឲ្យចូលរួមសង្កេតការណ៍ លើដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងពេលកន្លងមក និងពេលនេះ។ កាយវិការប្រកបដោយអត្ថន័យនេះ បង្ហាញនូវឆន្ទៈដ៏មោះមុត ក្នុងការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់លើវិស័យអប់រំ និងពង្រឹងសមត្ថភាព របស់យុវជនជំនាន់ក្រោយ ដែលជាធនធានមនុស្ស សម្រាប់បន្តវេនសង្គមកម្ពុជា ឲ្យកាន់តែរឹងមាំថែមទៀត។

ជាមួយគ្នានេះ ACU ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ អ្នកសង្កេតការណ៍ស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ ពេលវេលានៃយុវវ័យ របស់ខ្លួនមកបំពេញការងារស្ម័គ្រចិត្ត ដើម្បីឆ្លើយតបនឹងដំណើរការ នៃកំណែទម្រង់លើវិស័យអប់រំ សំដៅពង្រឹង និងពង្រីកគុណភាពយុវជនជំនាន់រួមគ្នា។ យុវជន ពិតជាធនធានដ៏មានតម្លៃ កម្លាំងដ៏ខ្លាំងក្លាក្នុងការ រុញច្រាន ការអភិវឌ្ឍសង្គមជាតិ ដូច្នេះយុវជនត្រូវប្រើប្រាស់ ភាពយុវវ័យរបស់ខ្លួនឱ្យមានប្រយោជន៍ ដល់ខ្លួន គ្រួសារ និង សង្គមជាតិទាំងមូល៕

To Top