ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសចំនួន ១៤៨នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបានច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៧ ធ្នូ បានឲ្យដឹងថា ក្នុងចំណោមជនបរទេសទាំង ១៤៨នាក់ (ស្រី១០នាក់ មាន៣សញ្ជាតិ) មានជនជាតិចិនចំនួន ១៤៥នាក់ ជនជាតិកូរ៉េចំនួន ២នាក់ និងជនជាតិអេស្ដូនីម្នាក់ ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ជនបរទេសចំនួន ១៤៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងធ្វើការងារខុសច្បាប់ដែលល្មើស និងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញ តាមប្រកាសក្រសួងមហាផ្ទៃ និងហាមឃាត់ការចូល ប្រទេសកម្ពុជារយៈពេល ៣ឆ្នាំ ៕


 
													
																							
 
																								
												
												
												 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									