ភ្នំពេញ ៖ ក្រោមពាក្យស្លោក រួមគ្នាគិត និងរួមគ្នាដោះស្រាយ ក្នុងនាមក្រុមគ្រួសារតែមួយ និងក្នុងនាមជាអ្នកពោធិ៍សាត់ដូចគ្នា លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសន្យាថា នឹងរកពេលវេលាសមស្របណាមួយ ដើម្បីជួបពិភាក្សា ជាមួយលោកឧកញ៉ា ភួ ពុយ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលជាសំណូមជាចាំបាច់ របស់អាជីវករ ក្នុងផ្សារភួពុយ ទាំងអស់។
ការសន្យានេះ ធ្វើឡើង ក្រោយទទួលបានសំណើជួយអន្តរាគមន៍ ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក្នុងការប្រកបមុខរបររកស៊ី របស់អាជីវករផ្សារភួពុយ ។
ក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋ និងអាជីវករផ្សារភួពុយពោធិ៍សាត់ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ លោក ខូយ រីដា បានលើកឡើងពីបញ្ហាប្រឈម របស់ម្ចាស់ផ្សារ ក៏ដូចជាបញ្ហារបស់អាជីវករផ្សារភួពុយ ទាំងមូល គឺកើតឡើងមានដូចៗគ្នា គ្រាន់តែធំឬតូចតែប៉ុណ្ណោះ កត្តាដែលសំខាន់នោះ សូមឱ្យបងប្អូនអាជីវករ ប្រើប្រាស់ពាក្យសម្តី ឬអាកប្បកិរិយាណា ដែលធ្វើឱ្យម្ចាស់ផ្សារ ទទួលយកបាន និងទន់ចិត្តទទួលយកសំណូមពរ របស់ប្អូនទាំងអស់គ្នា។
លោកអភិបាលខេត្តបានបន្ថែមថា រូបលោករួមនឹងលោកឧកញ៉ា ភួ ពុយ ដែលជាម្ចាស់ផ្សារ មានដើមកំណើតជាអ្នកពោធិ៍សាត់ ដូចគ្នា នឹងរកពេលវេលាសមស្របណាមួយ ដើម្បីជួបពិភាក្សា និងដោះស្រាយបញ្ហាប្រឈម ដែលជាសំណូមជាចាំបាច់ របស់អាជីវករក្នុងផ្សារ ភួ ពុយ ទាំងអស់។
ជាមួយគ្នានោះ លោក ខូយរីដា ក៏បានជំរុញលើកទឹកចិត្ត ដល់បងប្អូនអាជីវករ ចេះយោគយល់អធ្យាស្រ័យគ្នា និងចូលរួមជាម្ចាស់ផ្សារ ក្នុងការផ្តល់ភាស៊ីប្រចាំថ្ងៃ ឬប្រចាំខែ ព្រោះថាថវិកាដែលបានមកពីការទាភាស៊ីនោះ ត្រូវប្រើប្រាស់គ្រប់ជ្រុងជ្រោយ បូករួមទាំងសន្តិសុខ សុវត្ថិភាព បរិស្ថាន និងអនាម័យ…។ល។
សូមជម្រាបជូនថា ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត របស់អាជីវករផ្សារភួពុយ ដែលបានគោរពស្នើសុំអន្តរាគមន៍ ពីសំណាក់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មាន៤ចំណុចធំៗរួមាន៖
ទី១-ស្នើសុំពន្យាពេលបង់ថ្លៃតូប ២ឆ្នាំទៀត ក្រោយម្ចាស់ផ្សារយោគយល់ និងអនុគ្រោះFreeថ្លៃតូប ៣ឆ្នាំមកហើយ។
ទី២-ស្នើសុំបង់ថ្លៃទ្វារតូប តាមដំណាក់កាល។
ទី៣-ស្នើសុំបង់ថ្លៃភាស៊ីប្រចាំថ្ងៃ ដោយយកកម្រៃឱ្យសមស្រប ដូចផ្សារថ្មីពោធិ៍សាត់។
ទី៤-ស្នើសុំក្រុមហ៊ុនផ្សារ បញ្ជាក់ពីតម្លៃតូបនីមួយៗ ដែលត្រូវកំណត់ប្រចាំខែ ឬប្រចាំឆ្នាំ ក្រោយពីអនុគ្រោះ៣ឆ្នាំកន្លងទៅ៕