ព័ត៌មានជាតិ

កូឡុំប៊ី ស្នើកម្ពុជា ពិចារណាលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា

ភ្នំពេញ៖ បន្ទាប់ពីកម្ពុជា-កូឡុំប៊ី បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិកាទេសចរណ៍ និងជួយគ្នាទៅវិញទៅមក ក្នុងការរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យ ធ្វើដំណើរទៅកាន់ប្រទេសរៀងៗខ្លួននោះ ភាគីកូឡុំប៊ីបានស្នើឱ្យភាគីកម្ពុជា ពិចារណាលើការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា ។

ការស្នើរបស់ភាគីកូឡុំប៊ីបែបនេះ ធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ កាលពីពេលថ្មីៗនេះ នៅទីក្រុងបូហ្គូតា ដោយភាគីកម្ពុជាមាន លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំក្រសួងការបរទេសកម្ពុជា និងភាគីកូឡុំប៊ីមានលោក Francisco José Coy Granados អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូឡុំប៊ី ជាសហប្រធាន។

ដោយទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនៅមានកម្រិត ភាគីទាំងពីរបានឯកភាព ធ្វើការរួមគ្នាដើម្បីជំរុញការ ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក អ៊ុច បូររិទ្ធ បានជម្រាបជូនភាគីមិត្តអំពីលក្ខខណ្ឌ អំណោយផលនៃបរិយាកាសធុរកិច្ច និងគោលនយោបាយវិនិយោគនៅកម្ពុជា ហើយបានស្នើឱ្យមានការរៀបចំ វេទិកាធុរកិច្ចអមកិច្ចប្រជុំ ពិគ្រោះយោបល់ទ្វេភាគីបន្ទាប់ នៅរាជធានីភ្នំពេញ ដើម្បីពង្រីកសកម្មភាពតភ្ជាប់ រវាងធុរកិច្ចនៃប្រទេសទាំងពីរ។

ក្នុងវិស័យអប់រំ ភាគីកូឡុំប៊ីបានស្វាគមន៍ចំពោះសំណើ របស់កម្ពុជាក្នុងការចុះអនុស្សារណៈយោគយល់គ្នា រវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ ហើយបានប្តេជ្ញាបន្តផ្តល់អាហារូបករណ៍ភាសាអេស្ប៉ាញ ដល់មន្ត្រីកម្ពុជានៅឆ្នាំខាងមុខ ។

ភាគីកូឡុំប៊ីក៏បានសម្រេចផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដល់និស្សិតកម្ពុជាចាប់ពីឆ្នាំ ២០២៣ តទៅផងដែរ។
ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មតាមរយៈ ការចែករំលែកបច្ចេកវិទ្យា ជាពិសេសការបង្កាត់ពូជស្រូវ ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរទស្សនកិច្ចរបស់ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកជំនាញ។ ភាគីកូឡុំប៊ីក៏បានស្នើឱ្យមានគម្រោង បណ្តុះបណ្តាលរួមគ្នារវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម តាមរយៈសេវាបណ្តុះបណ្តាលជាតិ របស់ក្រសួងការងារកូឡុំប៊ី។

ចំពោះកិច្ចសហប្រតិបត្តិការបោសសម្អាតមីន និងការរក្សាសន្តិភាព ភាគីកូឡុំប៊ីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការដោះមីនដល់មន្ត្រីកូឡុំប៊ីជាង ១៨០នាក់ ចាប់ពីឆ្នាំ ២០១០។ លោក អ៊ុច បូររិទ្ធ បានសម្តែងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលមន្រ្តីកូឡុំប៊ីរយៈពេលបីឆ្នាំបន្ថែមទៀត (២០២៣-២០២៥) ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្រីភាគីកម្ពុជា-ជប៉ុន-កូឡុំប៊ី។

លោក Francisco José Coy Granados បានកោតសរសើរចំពោះជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងអំឡុងពេលដែលបញ្ហាភូមិសាស្ត្រនយោបាយ មានភាពតានតឹង។

ភាគីទាំងពីរក៏បានឯកភាពរៀបចំ ព្រឹត្តិការណ៍សំខាន់ៗក្នុងពិធីរំលឹកខួប លើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងកូឡុំប៊ី ៕

To Top