ភ្នំពេញ៖ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលមានទឹកប្រាក់ចំនួន ១.៨១៥.៩០៩.០០០ដុល្លារ សម្រាប់អនុវត្តន៍លើគម្រោងសំខាន់ៗចំនួន៣ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង ការបរទេសខ្មែរ នៅថ្ងៃទី៨ ធ្នូនេះ បានឲ្យដឹងថា ឯកសារសំខាន់ៗ ដែលនឹងត្រូវចុះហត្ថលេខារួម មានដូចខាងក្រោម ៖
១.លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នឹង ចុះហត្ថលេខាលើ កិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទាន សម្បទាន នៃមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ ចំនួន ១៥០០ លានដុល្លារអាមេរិក។
២.ក្នុងពេលជាមួយគ្នានោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េ ប្រចាំកម្ពុជា ក៏នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ឥណទានសម្បទាន សម្រាប់គម្រោងចំនួន ២ ដូចខាងក្រោម ៖
-គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធ បណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០ ០០០ ០០០ ដុល្លារអាមេរិក និង
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។
ឥណទានសម្បទានដែលផ្ដល់ដោយ រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែក ដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ ៕