ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសរំលេចថា នឹងខិតខំ កសាងផ្លូវល្បឿនលឿន មួយខ្សែទៀត តភ្ជាប់ ពីភ្នំពេញទៅបាវិត ព្រំដែនវៀតណាម ខណៈសម្ដេចកំពុងធ្វើដំណើរ នៅលើផ្លូវល្បឿនលឿនពី ភ្នំពេញ-ព្រះសីហនុ ដើម្បីអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យសមុទ្រនៅ ក្រុងព្រះសីហនុ។

នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «កំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពី ភ្នំពេញ ខេត្តព្រះសីហនុ។ យើងនឹងខិតខំ កសាងផ្លូវល្បឿនលឿន
មួយខ្សែទៀតតភ្ជាប់ ពីភ្នំពេញទៅបាវិត ព្រំដែនវៀតណាម។ សូមអញ្ជើញទៅលេងបុណ្យសមុទ្រនៅ ក្រុងព្រះសីហនុថ្ងៃស្អែក១០ធ្នូ២០២២»។

សូមរំលឹកជូនដែរថា៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ហើយគ្រោងនឹងបើកការដ្ឋានសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ៕ គម្រោងមានតម្លៃជាង ១៦០០ លានដុល្លារអាមេរិក ប្រវែង ១៣៨ គីឡូម៉ែត្រ គ្រោងនឹងចំណាយពេលសាងសង់ ឲ្យរួចរាល់រយៈពេលជាង ៤ឆ្នាំ គឺចាប់ពីពាក់កណ្ដាលឆ្នាំ ២០២៣ រហូតដល់ឆ្នាំ ២០២៧ ខាងមុខ៕
