កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់ទទួលនូវសមិទ្ធផលថ្មីៗ ពីសមាគមដៃគូអភិវឌ្ឍន៍ នូវទំហំទឹកប្រាក់ប្រមាណជា ៤៦ ម៉ឺនដុល្លារអាមេរិក លើវិស័យសុខាភិបាល នៃមន្ទីរពេទ្យបង្អែក ក្នុងស្រុកព្រៃឈរ ។

យោងតាមរបាយការណ៍ស្តីពីជំនួយ របស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ លើវិស័យសុខាភិបាល នៅមន្ទីរពេទ្យបង្អែកព្រៃឈរ ក្នុងឆ្នាំ ២០២២ នោះ គឺគម្រោងជួសជុល និងកែលម្អ ព្រមទាំងផ្តល់ឧបករណ៍វេជ្ជសាស្ត្រ សម្រាប់មន្ទីរពេទ្យបង្អែកព្រៃឈរ បានចាប់ផ្ដើមនៅខែកក្កដា ហើយបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ ២០២២។

សមិទ្ធិផលដែលសមាគមសម្រេចបាន នៅមន្ទីរពេទ្យបង្អែកនេះ មានដូចជា៖ ការពង្រីកបន្ទប់សម្រាកសម្រាប់ ស្ត្រីក្រោយសម្រាលកូនរួច និងជួសជុលបន្ទប់ទឹក ជួសជុលបន្ទប់សម្រាប់ការថតកាំរស្មីអ៊ិច និងបំពាក់ឧបករណ៍កាំរស្មីអ៊ុចថ្មី សង់បន្ទប់ទឹកជនពិការ រៀបចំប្រព័ន្ធអុកស៊ីសែន បន្ថែមធ្នឹម និងសសរទ្រទ្រង់ដំបូលមន្ទីរពេទ្យ ផ្លាស់ប្តូរដំបូលលើ អគារមន្ទីរពេទ្យ ការិយាល័យប្រតិបត្តិស្រុក និងមណ្ឌលសុខភាព ជួសជុលលាបថ្នាំខាងក្នុង និងខាងក្រៅអគារមន្ទីរពេទ្យ និងដំឡើងខ្សែភ្លើង បន្ថែមចំណតរថយន្តទំហំ ៨១៥ ម៉ែត្រការ៉េ រៀបចំប្រព័ន្ធបង្ហូរទឹកថ្មីក្នុងមន្ទីរពេទ្យ ផ្ដល់ឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ដើម្បីពង្រីកសេវាកម្មរបស់មន្ទីរពេទ្យ ក្នុងការថែទាំដល់អ្នកជំងឺ បានចំណាយថវិកាសរុបប្រមាណជា ៤៦ ម៉ឺន ដុល្លារអាមេរិច ។
ឆ្លៀតក្នុងឱកាសប្រគល់ទទួល សមិទ្ធផលខាងលើ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយនឹងក្រុមការងារបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយដល់វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត នៅក្នុងខេត្តកំពង់ចាម ដែលបានផ្ដល់ប្រយោជន៍យ៉ាងពិតប្រាកដ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសដូចជាការជួយទៅលើផ្នែកមនុស្សធម៌ ជាស្បៀងអាហារ ជួយដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយទឹកជំនន់ ចំនួន ៤,០០០ គ្រួសារ នាពេលកន្លងមកថ្មីៗនេះ ផងដែរ ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា រាល់សមិទ្ធផល និងជំនួយផ្នែកមនុស្សធម៌ របស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពិតជាបានផ្ដល់ផលប្រយោជន៍ យ៉ាងច្រើនដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ក្នុងនោះមានដូចជាវិស័យសុខាភិបាល វិស័យអប់រំ និងវិស័យមនុស្សធម៌ជាដើម ដែលទាំងនេះ គឺបានស្ដែងចេញ នូវការរួមគ្នាធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ស្របទៅតាមបំណងរបស់ខាងសមាគម ក៏ដូចជាបំណងរបស់អាជ្ញាធរខេត្តផងដែរ ។
លោកអភិបាលខេត្ត បានបន្ថែមថា អាជ្ញាធរខេត្ត បានត្រៀមខ្លួនដើម្បីបន្តកិច្ចសហការ ជាមួយខាងសមាគម ដែលត្រូវបន្តការងារផ្សេងៗទៀត នៅក្នុងខេត្តកំពង់ចាម ៕
