ព័ត៌មានជាតិ

២១ឆ្នាំ កូរ៉េ ផ្ដល់ឥណទានសម្បទានដល់កម្ពុជា ១,៦ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ជាតិ

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រយៈពេល ២១ឆ្នាំមកនេះ ចាប់ពីឆ្នាំ២០០១-២០២២ កូរ៉េ ផ្ដល់ឥណទានសម្បទានដល់កម្ពុជាសរុបប្រមាណ ១,៦ពាន់លានដុល្លារ តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) សម្រាប់គម្រោងអភិវឌ្ឍន៍នានា នៅប្រទេសកម្ពុជា។

នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ ក្រសួងសេដ្ឋកិច្ច និងEDCF ស្ដីពីការចុះហត្ថលេខាធិកាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន២ ពីសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។

ក្នុងសេចក្ដីប្រកាសព័ត៌មានរួម បញ្ជាក់ថា «ជារួម គិតចាប់ពីឆ្នាំ២០០១ រហូតមកដល់ដំណាច់ឆ្នាំ២០២២នេះ សាធារណរដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទានដល់កម្ពុជាសរុបប្រមាណ ១,៦ពាន់លានដុល្លារអាមេរិក តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃធនាគារ The Export-Import Bank of Korea (Korea Eximbank) សម្រាប់គម្រោងអភិវឌ្ឍន៍នានា ដែលជាគម្រោងក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅតាមយុទ្ធសាស្ត អភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ដែលមានវិស័យ ដូចជា ផ្លូវថ្នល់, ប្រព័ន្ធធារាសាស្ត្រ, ថាមពល, ទឹកស្អាត និងអនាម័យ, សុខាភិបាល និងវិស័យទូរគមនាគមន៍»៕

To Top