ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់សមាជិកក្លឹបឆ្នេរសមុទ្រថា គ្មានទេសចរណាប្រថុយប្រថាន ធ្វើដំណើរទៅប្រទេសមានសង្គ្រាមទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រាប់សមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុត លើសកលលោកថា គ្មានទេសចរណាប្រថុយប្រថានគ្រោះថ្នាក់ ធ្វើដំណើរទៅកាន់ប្រទេស ដែលមានសង្គ្រាមនោះទេ។

ក្នុងពិធីបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត លើសកលលោក នៅខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោបានបញ្ជាក់ថា «ខ្ញុំសូមលើកឡើងនូវអនុសាសន៍គន្លឹះមួយចំនួន ដូចជា ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែល នេះជាចំណុចធំជាងគេក្នុងចំណោមចំណុច ដែលទាក់ទងជាមួយការអភិវឌ្ឍនៃ បណ្តាប្រជាជាតិនៅលើសាកលលោក ។ គ្មានទេសចរណា ប្រថុយប្រថានគ្រោះថ្នាក់ ធ្វើដំណើរទៅកាន់ប្រទេស ដែលមានសង្គ្រាម នោះទេ»។

សម្ដេចតេជោបន្ដថា កម្ពុជា ប្តេជ្ញារក្សាឱ្យបាននូវសមាជិកភាពក្នុងក្លឹប ហើយខេត្តតំបន់ឆ្នេរសមុទ្ររបស់ កម្ពុជាទាំង ៤ ក៏ត្រូវរក្សាឱ្យបាននូវខ្សែក្រវាត់ និងកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ ដែលស្អាតបំផុតលើសកលលោក។ ជាពិសេស ប្តេជ្ញាធ្វើឱ្យទីក្រុងជាប់ឆ្នេរសមុទ្ររបស់កម្ពុជា មាននិរន្តរភាព ដូចដែលបានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរ គឺ៖ ខេត្តព្រះសីហនុ ជា «គោលដៅទេសចរណ៍សម្រាកលម្ហែ និងជាតំបន់សេដ្ឋកិច្ចពហុបំណង, ខេត្តកែប ជា «គោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណិត», ខេត្តកំពត ជា «គោលដៅទីក្រុងទេសចរណ៍ បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍ តំបន់ឆ្នេរ», ខេត្តកោះកុង ជា «គោលដៅអេកូទេសចរណ៍ តំបន់ទេសចរណ៍លំដាប់ពិភពលោក»។

លើសពីនេះ សម្ដេចតេជោ ក៏បានស្នើឱ្យមានការរៀបចំវេទិកាជាតិ តំបន់ឆ្នេរប្រចាំឆ្នាំ ដើម្បីជួបជុំ ពិភាក្សា និងផ្លាស់ប្ដូរ យោបល់ជុំវិញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយអាចកំណត់ថ្ងៃទី២៦ ខែឧសភា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃកម្ពុជា បានក្លាយជាសមាជិកក្លឹប ដើម្បីរៀបចំវេទិកាជាតិនេះ ដោយអាចឆ្លាស់វេនគ្នានៅតាម បណ្តាខេត្តតំបន់ឆ្នេរទាំង៤។ សម្ដេច ក៏ស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារៈមន្ទីរឆ្នេរ (Maison de le Baie) ។ ក្នុងន័យនេះ សម្ដេច ស្នើឱ្យ លោកប្រធាន ក្លឹប និងសមាជិកក្លឹបទាំងអស់ ជួយចែករំលែកអំពីបទពិសោធ និងដំណើរការនៃការរៀបចំសារៈមន្ទីរឆ្នេររបស់ខ្លួន។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងទេសចរណ៍ សហការជាមួយក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក សិក្សារៀបចំឱ្យមាននូវ ស្ថាប័នអង្កេតទេសចរណ៍សម្រាប់ឆ្នេរ (Coastal Tourism Observatory) ដើម្បីជាយន្តការស្ថាប័នមួយបន្ថែមទៀត ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ តំបន់ឆ្នេរសមុទ្រ ដូចដែលសមាជិកក្លឹបផ្សេងទៀតបានរៀបចំ ។ ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ, កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាលេខាធិការដ្ឋានសម្រាប់ធានា ដំណើរការរដ្ឋបាល និង កិច្ចការទូទៅរបស់ក្លឹប ហើយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ត្រូវរៀបចំឱ្យមានកន្លែងបំពេញការងារ ជាអចិន្ត្រៃយ៍មួយនៅក្រសួងទេសចរណ៍ និងមួយទៀតនៅក្រុងព្រះ- សីហនុសម្រាប់ដំណើរការ លេខាធិការដ្ឋាននេះ ។

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ដ្រី ស្វាគមន៍ផងដែរ ចំពោះការរៀបចំ ឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប នៅឆ្នាំ២០២៣ ឬពេលខាងមុខណាមួយ រួមជាមួយព្រឹត្តិការណ៍ផ្សេងៗទៀត របស់ក្លឹបនៅលើទឹកដីឆ្នេរសមុទ្រកម្ពុជា ។ ជាមួយនឹងការបោះឆ្នោត ជ្រើសរើសគណៈប្រតិបត្តិ សម្រាប់អាណត្តិបន្ទាប់ នាឱកាស បិទមហាសន្និបាត, កម្ពុជាសូមគាំទ្រចំពោះបេក្ខភាព លោក ប៊ូណូ បូដាដ (Bruno Bodard) ជាប្រធានក្លឹបសម្រាប់អាណត្តិបន្ទាប់ និងសូមឱ្យគណៈប្រតិបត្តិ និង សមាជិកក្លឹបទាំងអស់ គាំទ្រកម្ពុជាជាសមាជិកក្រុមប្រឹក្សាភិបាលក្លឹប សម្រាប់អាណត្តិ (២០២៣-២០២៥) ក្រោមការដឹកនាំរបស់ លោក ល្វីស ធីបុល (Louis Thébault) ដែល នឹងចូលកាន់តំណែងនាអាណត្តិបន្ទាប់៕

To Top