ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែតតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តបុរាណនិវេសន៍ ហៅវត្តប្រាសាទនាងខ្មៅ» ស្ថិតនៅក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នា ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ។

លោក សូមសម្តែងនូវមោទកភាព ចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ ជាច្រើន នៅក្នុងទីអារាមដ៏មានវ័យចំណាស់ប្រមាណ ១៤០ ឆ្នាំមួយនេះ ព្រមជាមួយនឹងការអរគុណ ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការអាចារ្យវត្ត លោកតាជីយាយជី និង ពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទនាងខ្មៅ រួមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលបានចូលរួមចំណែកទំនុកបម្រុងដល់វត្តដ៏ចំណាស់នេះ ឱ្យរក្សាបាននូវភាពស័ក្តិសមទៅនឹងកិត្តិនាមដ៏ឧត្តុង្គឧត្តម ដូចបានប្រសិទ្ធនាមជា «វត្តបុរាណនិវេសន៍» ពីសំណាក់ សម្តេចព្រះសង្ឃរាជ ជួន ណាត ខណៈដែលទីអារាមនេះ ត្រូវបានបំផ្លិចបំផ្លាញចោល នៅក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត ។ ការរីកចម្រើនឡើងវិញ របស់វត្តនេះ រហូតដល់បច្ចុប្បន្ន គឺបានសរបញ្ជាក់ ឱ្យឃើញថា ដួងព្រលឹងជា ពុទ្ធសាសនិក របស់ខ្មែរ មិនត្រូវបានពួកទមិឡអត់សាសនាបំផ្លាញបាននោះទេ ។ ពោលគឺដរាបណាមាន សុខសន្តិភាព ខ្មែរយើងនឹងបន្តទទួលបាន នូវការបង្កលក្ខណៈដល់ការគោរពប្រតិបត្តិ និងលើកតម្កើងព្រះពុទ្ធសាសនា ដូចចែងក្នុងបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដូច្នោះដែរ ។

លោក បន្តថា សមិទ្ធផលដែលត្រូវ បានសម្ពោធក្នុងថ្ងៃនេះ ក៏បានបង្ហាញផងដែរ នូវភាពរីករាយរបស់ប្រជាជនខ្មែរ ក្នុងការចូលរួមចំណែកកសាង សមិទ្ធផលក្នុងវិស័យពុទ្ធចក្រ តាមរយៈវប្បធម៌ចែករំលែកដែលជាប្រពៃណីដ៏ផូរផង់របស់ខ្មែរ នៅក្រោមម្លប់ នៃសុខសន្តិភាព, ការរួបរួមសាមគ្គីជាតិខ្មែរ ដោយមិនមានការរើសអើង, ការអនុវត្តសិទ្ធិសេរីភាពពេញ លេញរបស់ប្រជាពលរដ្ឋខ្មែរ និងកត្តាជីវភាពរបស់ប្រជាជន ដែលមានការរីកចម្រើនជាលំដាប់។

លោក ម៉ាណែត ក៏បានរលេចផងដែរ ថា សម្តេចតេជោ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា បាននៅកៀកជិតស្និទ្ធបម្រើ ប្រជាពលរដ្ឋជាប់ជាប្រចាំ ដោយមិនគិត ពីការនឿយហត់ ដើម្បីផ្តល់ភាពកក់ក្តៅ និងជួយដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសការជួយទំនុកបម្រុងដល់ប្រជាកសិករ និងប្រជាពលរដ្ឋក្រីក្រខ្វះលទ្ធភាព តាមរយៈការដាក់ចេញ នូវគោលនយោបាយជាច្រើន រួមមានជាអាទិ៍៖ ការបើកទូលាយឱកាសគ្រប់វិស័យដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ, ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាទាំងផ្នែកដឹក ជញ្ជូនតភ្ជាប់ និងប្រព័ន្ធធារាសាស្ត្រ, ការពង្រីកទីផ្សារ និងការគិតគូរអំពីតម្លៃទិន្នផលកសិកម្ម, ការមិនយកពន្ធលើដីស្រែចម្ការ, ការផ្តល់ការលើកទឹកចិត្តផ្នែក សារពើពន្ធក្នុងវិស័យកសិកម្ម, ការអនុគ្រោះថ្លៃអគ្គិសនី ក្នុងវិស័យកសិកម្មតាមរយៈការឧបត្ថម្ភធនពីរាជរដ្ឋាភិបាល, ការអនុវត្តវិធានការ អន្តរាគមន៍ គាំពារសង្គមផ្តល់ការឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយទាំងនេះសុទ្ធសឹង តែជាសកម្មភាពជាក់ស្តែង ចូលរួមចំណែកក្នុងការកាត់ បន្ថយភាពក្រីក្រ និងរក្សាភាពសុខដុមរមនាជូនសង្គមជាតិ និង ប្រជាជន ។ ដូច្នេះ សូមបន្តមានជំនឿជឿជាក់លើ សម្តេចតេជោ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីគណបក្សគ្រប់ លំដាប់ថ្នាក់ តាមរយៈការបោះឆ្នាតផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិតទៅមុខ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពរុង រឿងជានិច្ចនិរន្តន៍ ។

លោក ក៏សូមថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋក្នុងឃុំរវៀង ស្រុកសំរោង ក៏ដូចជាក្នុងខេត្តតាកែវ ទាំងមូល ដែលតែងជឿទុកចិត្តលើ គណបក្សប្រជាជនកម្ពុជា ជាពិសេសដូចដែលស្តែងឡើងតាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅ ដោយនេះគឺជាសក្ខីភាពដ៏ជាក់ច្បាស់ថា ប្រជាពលរដ្ឋម្ចាស់ស្រុក បានសម្រេចជ្រើសរើសអ្នកបម្រើជាតិពិតប្រាកដ ដើម្បីបន្តថែរក្សា សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ដែលកំពុងមាននេះឱ្យបានបន្តឋិតឋេរ គង់វង្សយូរអង្វែងតរៀងទៅ៕













