ភ្នំពេញ៖ ក្នុងន័យបញ្ឆិតបញ្ឆៀងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់អះអាងថា សម្ដេច មិននាំប្រេងពីទ្វីបអាស៊ី ទៅចាក់លើភ្លើងក្នុងទ្វីបអឺរ៉ុបនោះទេ ។ ន័យនេះសម្តេចតេជោចង់សំដៅទៅលើសង្គ្រាម ដែលកំពុងកើតមានឡើង នៅតំបន់អឺរ៉ុប ដូចជានៅអ៊ុយក្រែនជាដើម។
នាឱកាសអញ្ជើញបើកបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ប្រារព្ធធ្វើឡើងនៅក្រុងព្រះសីហនុ នាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ នៅតែសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិភាព ។ ដោយសម្តេចថា បញ្ហាសន្ដិភាព នេះ មិនមែនគ្រាន់តែកម្ពុជាដាច់ដោយឡែកទេ បច្ចុប្បន្នប្រធានបទដ៏ក្តៅគគុក នៅលើពិភពលោក គឺរវាងសន្តិភាព និងសង្គ្រាមនោះឯង។
ការថ្លែងរបស់សម្តេចបែបនេះ ខណៈនៅយប់ថ្ងៃស្អែក សម្តេចនឹងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប។ សម្តេចថានប្រធានបទនៃកិច្ចប្រជុំនេះ គឺបញ្ហាសន្ដិភាព ហើយក៏ជាប្រធានបទដ៏ធំ ។ នាឱកាស នោះដែរ សម្ដេចក៏នឹងមានទស្សនកិច្ចការងារជាមួយ ប្រធានាធិបតីបារាំង ព្រមទាំងនឹងចូលរួមសន្និសីទអន្តរជាតិមួយ ស្តីពីសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន។
សម្ដេចតេជោបន្តថា «ខ្ញុំអាចបញ្ជាក់នៅទីនេះថា ខ្ញុំមិនទៅពីអាស៊ីនាំប្រេងទៅចាក់លើភ្លើងក្នុងទ្វីបអឺរ៉ុប នោះទេ សង្គ្រាមកំពុងតែកើតនៅក្នុងតំបន់អឺរ៉ុប ដែល នៅទីនោះ ធ្លាប់តែមានសន្តិភាព ក៏ប៉ុន្តែឥឡូវនេះតាមរយៈបញ្ហាដែលបាននិងកំពុងកើតនៅអឺរ៉ុប បានក្លាយទៅជាប្រធានបទដ៏ធំ ដូច្នេះរឿងរ៉ាវដែលខ្ញុំនិយាយអំពីសន្ដិភាព មិនមែនជាបញ្ហាដែលដាច់ដោយឡែករបស់កម្ពុជាទេ»។
លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី បានឱ្យដឹងថា កម្ពុជា បាននិងកំពុងមានកងទ័ពរបស់ខ្លួន នៅប្រទេសលីបង់, ស៊ូដងខាងត្បូង, ម៉ាលី, និងនៅអាហ្វ្រិកកណ្ដាល។ សម្ដេច បញ្ជាក់ទៀតថា «យើងបានពិនិត្យឃើញនៅទីនោះ គ្មានទេ វត្តមានទេសចរណ៍ គ្មានអ្នកណាអាចនឹងទៅសាកល្បងជាមួយគ្រាប់មីន គ្រាប់ផ្លោង និងគ្រាប់បែកនៅតំបន់ដែលមានសង្គ្រាមនោះទេ»។
នាឱកាសប្រារព្ធទិវាសិទ្ធិមនុស្សអន្ដរជាតិ នាថ្ងៃទី១០ ធ្នូ នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សិទ្ធិមនុស្សអាចធ្វើទៅបានលុះត្រាតែមានសន្ដិភាព ជាក់ស្ដែងនៅក្នុងប្រទេសដែលមានសង្គ្រាម តើសិទ្ធិមនុស្សនៅទីណា?៕