ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំដល់ក្រសួងទេសចរណ៍ ឱ្យរៀបចំផែនការមួយ ទំនាក់ទំនងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផ្នែកផលិតផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យទេសចរណ៍ ក្លាយទៅជាទីផ្សារ របស់កសិករ និងអ្នកផលិត។
នាឱកាសអញ្ជើញបើកពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ក្រោមប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម» ប្រារព្ធធ្វើឡើងនៅក្រុងព្រះសីហនុ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោថ្លែងបញ្ជាក់ថា «ខ្ញុំនៅតែទទូច ថាយើងត្រូវជំរុញការនាំចេញនៅនឹងកន្លែង ការនាំចេញមិនសំដៅ ទៅលើការនាំចេញឆ្លងកាន់ព្រំដែន ទៅកាន់ប្រទេសក្រៅទេ ប្រជាកសិកររបស់យើង អាចដាំដុះចិញ្ចឹមសត្វ ហើយនាំចូលទៅកាន់សណ្ឋាគារ ឱ្យភ្ញៀវទេសចរបរទេសទទួលទាន ចាត់ទុកថា ជាផ្នែកមួយនៃការនាំចេញនៅនឹងកន្លែង។
សម្ដេចតេជោ ក៏បានអំពាវនាវ ឱ្យវិស័យទេសចរណ៍ទាំងមូល ក្លាយទៅជាទីផ្សាររបស់កសិករ និងអ្នកផលិត អ្នកចិញ្ចឹម ចំណុចនេះសំខាន់ណាស់»។
សម្ដេចតេជោ បន្ដថា ជារៀងរាល់ថ្ងៃប្រជាជន ស្រែករកទីផ្សារ បើដូច្នោះ ផ្នែកទេសចរណ៍ ដែលអាចប៉ាន់ប្រមាណថា ធ្លាប់ទទួលទេសចរណ៍ រហូតដល់ជាង ៦លាននាក់ ហើយទេសចរណ៍ ក៏អាចវិលត្រឡប់ ទៅរក ៦ទៅ ៧លាននាក់ ឡើងវិញផងដែរ។ សម្ដេច ថា ប្រសិនបើដូច្នោះ វាមានតម្រូវការនៃការផលិតក្នុងស្រុក ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ដែលមកទទួលទាននៅក្នុងប្រទេសកម្ពុជា ទាំងអង្ករល្អ ទាំងសាច់ល្អ ទាំងបន្លែបង្ការ ឬផ្នែកដទៃទៀត។
សម្ដេចតេជោបញ្ជាក់ថា «យើងធ្វើយ៉ាងដូច្នេះ ជៀសវាងនូវការដែលយើងទទួលបានទេសចរណ៍ ប៉ុន្ដែផ្ទុយទៅវិញ យើងយកប្រាក់យ៉ាងច្រើន ទៅទិញនូវរបស់របប ដើម្បីផ្គត់ផ្គង់ទេសចរណ៍ក្នុងស្រុក។ សូមឱ្យក្រសួងទេសចរណ៍ រៀបចំផែនការមួយ ទំនាក់ទំនងជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាផ្នែកផលិតផ្សេងទៀត ធ្វើឱ្យទេសចរណ៍ក្លាយទៅជាទីផ្សារ របស់កសិករ របស់អ្នកផលិត តែម្ដង ដើម្បីជំរុញការលូតលាស់»៕