ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រាប់ក្រុមប្រឆាំងនៅក្រៅប្រទេសថា ភាសាទិញ ឬជួល ដើម្បីជំនួបជាមួយសម្តេច គួរតែត្រូវបានបញ្ចប់ ព្រោះថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិប្រជាពលរដ្ឋ។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបប្រមាណជា ២០០០នាក់ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះពលរដ្ឋខ្មែរ នៅក្រៅប្រទេស បានធ្វើដំណើរមកពីចម្ងាយ មកជួបជាមួយ សម្ដេច។
សម្ដេចតេជោ បញ្ជាក់ថា «ការមកជួបនេះ ត្រូវបានការទទួលគៀបសង្កត់ ឬការទិញដូរ ប្រហែលជាភាសានេះ យើងគួរតែបញ្ចប់វា នៅក្នុងដំណាក់កាលណាមួយ ព្រោះវាជាការប្រមាថដ៏ធ្ងន់សម្រាប់សតិសម្បជញ្ញៈ និងសម្រាប់សិទ្ធិពលរដ្ឋ តើអ្នកទាំងអស់គ្នាដែលមកទីនេះ ក្រោមការគំរាមកំហែងរបស់អ្នកណា? មិនថាឡើយ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេស ក្នុងប្រទេសមានលទ្ធប្រជាធិបតេយ្យនោះទេ សម្បីប្រជាពលរដ្ឋកម្ពុជា ក៏រាជរដ្ឋាភិបាលគ្មានសិទ្ធិ ទៅនឹងការគៀបសង្កត់ ដើម្បីឱ្យអ្នកឯងត្រូវចូលរួមនេះ ចូលរួមនោះ»។
សម្ដេចតេជោ បន្ដថា លើកលែងមានការចាត់តាំងណាមួយសម្រាប់ព្រឹត្តិការណ៍ជាតិ។ ដោយឡែកសម្រាប់កម្មវិធីសំណេះសំណាលជាមួយពលរដ្ឋនៅក្រៅប្រទេសនេះ អ្នកមិនចង់មក គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ លើសពីនេះ សម្ដេច ក៏មិនយល់ចំពោះអ្នករស់នៅទឹកដីប្រជាធិបតេយ្យ បែរចេះប្រើប្រាស់ភាសារ ទិញ ឬជួល។ សម្ដេច ឆ្លើយតបវិញថា ពលរដ្ឋខ្មែរមិនពេញចិត្តក្នុងការស្ដាប់ ឬមិនចង់មកជួប គឺជាសិទ្ធរបស់ពួគគាត់។
ជាងនេះទៅទៀត សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានសោកស្ដាយ ចំពោះប្រជាពលរដ្ឋខ្មែរមួយចំនួន នៅក្រៅប្រទេស ក្រោយលើកឡើងថា អ្នកណាចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា សុទ្ធតែជាអាយ៉ងរបស់បរទេស៕