នយោបាយ

សម្ដេចតេជោ ហ៊ុន សែន ចោទសួរក្រុមប្រឆាំងថា តើថ្ងៃទី១៤ ធ្នូ មានមនុស្សប៉ុន្មាននាក់ ធ្វើបាតុកម្មប្រឆាំង សម្តេច ?

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចោទសួរក្រុមប្រឆាំងនៅក្រៅប្រទេសថា តើនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ មានមនុស្សប៉ុន្មាននាក់? មកធ្វើបាតុកម្មប្រឆាំង សម្តេច ហើយបង្ហាញត្រូវកម្លាំងពិតផងដែរ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅទ្វីបអឺរ៉ុបប្រមាណជា ២០០០នាក់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំ ក៏ចង់ដឹងដែរព្រោះប៉ុន្មានថ្ងៃនេះ គេប្រកាសធ្វើបាតុកម្មប្រឆាំងខ្ញុំ ហើយខ្ញុំ ក៏ចង់ដែរ ថ្ងៃ១៤ ធ្នូ ខាងមុខ មានប៉ុន្មាននាក់ ខ្ញុំក៏ចង់ដែរ។ ថ្ងៃនេះ យើងថតឱ្យអស់របស់ក្រុមយើង រួចហើយ ខ្ញុំស្នើឱ្យថ្ងៃ១៤ នេះ ពួកយើងទៅថតគេ ធ្វើបាតុកម្ម តើពួកគេប៉ុន្មាននាក?»។

សម្ដេចតេជោ បានថ្លែងបន្ដថា «ខ្ញុំ ចង់ឱ្យអាអ្នកប្រកាស ចេញដឹកនាំធ្វើបាតុកម្មមកប្រឆាំងខ្ញុំតែម្ដង តើចិត្តសើងចេញមក ប្រមូលមនុស្សមកបានទេ? ជាសេរីរបស់អ្នកឯងទេ ប៉ុន្ដែអ្នកគួរតែបង្ហាញកម្លាំងពិតរបស់អ្នកឯង»។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យពលរដ្ឋខ្មែរ រស់នៅអឺរ៉ុបទាំងអស់ ត្រូវគោរពតាមវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយមិនត្រូវចូលរួមធ្វើបាតុកម្ម ប្រឆាំងតវ៉ានឹងវិធានរបស់រដ្ឋាភិបាល នៃបណ្តាប្រទេសរបស់ប្រជាពលរដ្ឋរស់នៅនោះទេ។

សូមរំលឹកថា ទណ្ឌិត សម រង្ស៊ី បានអំពាវនាវឲ្យប្រជាពរដ្ឋខ្មែរនៅទីក្រុងព្រុសសែល ត្រៀមធ្វើបាតុកម្មប្រឆាំងវត្តមាន សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅកាន់តំបន់អឺរ៉ុប ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលកិច្ចប្រជុំ នឹងធ្វើឡើង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២៕

To Top