ព័ត៌មានជាតិ

សម្ដេចតេជោ ៖ វត្តមានរបស់ខ្ញុំ ទៅបារាំង គឺវ៉ៃក្រុមប្រឆាំងដល់ផ្ទះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ប្រកាសឱ្យដឹងថា វត្តមានរបស់សម្ដេច នៅប្រទេសបាំង គឺទៅវ៉ៃក្រុមប្រឆាំងដល់ផ្ទះតែម្ដង។ ទោះបីសម្ដេច មិនបញ្ចេញឈ្មោះក្រុមប្រឆាំងក៏ដោយ ក៏ន័យនេះ សំដៅទៅលោក សម រង្ស៉ី ដែលជាមេក្រុមប្រឆាំងក្រៅច្បាប់។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅទ្វីបអឺរ៉ុបប្រមាណជា ២០០០នាក់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា សម្តេច មិនទៅវ៉ៃដល់ផ្ទះទេ ប៉ុន្តែសម្តេចទៅជណ្តើរផ្ទះរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុងតែម្តង ខណៈលោក សម រង្ស៊ីត្រូវបានគេដឹងថា មានសញ្ជាតិបារាំង។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំចង់មើល ថ្ងៃទី១៤នេះ វាមានប៉ុន្មានពិតប្រាកដ ហើយខ្ញុំសំណូមពរឱ្យអ្នកអំពាវនាវឱ្យធ្វើបាតុកម្ម ដឹកនាំបាតុកម្មផ្ទាល់ តើបានទេ ខ្ញុំវ៉ៃដល់ផ្ទះ ដូចនៅតុលាការបារាំងអញ្ចឹង»។

ឆ្លៀតឱកាសនោះ សម្តេចតេជោ លើកឡើងថា សម្ដេច មកអឺរ៉ុបនាពេលនេះ មិនអាចយកឯករាជ្យ ឬអធិបតេយ្យភាពទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាអ្វីទាំងអស់ឡើយ។

សម្ដេចតេជោ បញ្ជាក់ទៀថា «ខ្ញុំមកអឺរ៉ុបនេះ ខ្ញុំមានអត់ ហើយខ្ញុំ ដាក់បម្រាមអត់ឱ្យមន្ត្រីរបស់ខ្ញុំ សុំអីនរណាត្រឡប់មកវិញ ភាពអនុគ្រោះណា ។ ខ្ញុំបាននិយាយហើយថា ខ្ញុំមិនអាចយកឯករាជ្យ អធិបតេយ្យភាព ទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាទាំងអស់ ។ អ្នកឯងចង់ឱ្យៗ រកស៊ីជាមួយគ្នារកស៊ី។ ឥឡូវយើងនាំមកអឺរ៉ុបកើន ១៨ភាគរយ មានទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១២ កុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ សហគមន៍អឺរ៉ុប (EU) បានសម្រេចលើការព្យួរ ឬការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា។ ការដកនេះ ត្រូវបាន EUអះអាងថា ដោយសារកម្ពុជាមិនព្រមវិល ទៅស្តារប្រជាធិបតេយ្យឡើងវិញ ករណីពាក់ព័ន្ធអតីតមេបក្សប្រឆាំង៕

To Top