ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកប្រធានាធិបតីបារាំងគឺជាដៃគូសន្ទនាដ៏ស្និទស្នាល ស្មោះត្រង់និង ជឿទុកចិត្តគ្នា ក្នុងការពង្រឹងពង្រីកមិត្តភាព រវាង ប្រទេសទាំងពីរ (កម្ពុជានិងបារាំង)។
នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាង ដូច្នេះថា «ដៃគូសន្ទនាដ៍ស្និទស្នាល ស្មោះត្រង់និង ជឿទុកចិត្តគ្នាដើម្បីពង្រឹងពង្រីកមិត្តភាព រវាងកម្ពុជានិងបារាំង ។ សូមអរគុណអេនុយអែល ដែលបានផ្តល់នូវការស្រឡាញ់ រាប់អាន» ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំគណប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប និងសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន ដែលបានធ្វើឡើងនៅសាលសន្និសីទ របស់ក្រសួងការបរទេសបារាំង នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី១១-១៤ ខែធ្នូ ឆ្នាំ២០២២។
សន្និសីទនេះ មានការអញ្ជើញចូលរួមរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនទៀត។ ដែលក្នុងសន្និសីទនេះ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចូលរួមតាមប្រព័ន្ធវីដេអូ។
យោងតាមការចុះផ្សាយរបស់ វិទ្យុបារាំងអន្តរជាតិ នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីជំហរ របស់កម្ពុជា ដែលប្រឆាំងនឹងការដែលប្រទេសមួយ រំលោភបំពានទៅលើ បូរណភាព ទឹកដី របស់ ប្រទេសមួយទៀត ហើយ បានប្រកាសគាំទ្រ កិច្ចខិតខំប្រឹងប្រែងរបស់ លោកប្រធានាធិបតី បារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុង ការ ស្វែងរក ដំណោះស្រាយ បញ្ចប់សង្គ្រាម តាមរយៈ ការចរចា។
ដោយឡែក រដ្ឋមន្រ្តីការបរទេស លោកស្រីកាទ្រីន កូឡូណា បានប្រកាសក្នុងថ្ងៃអង្គារ ទី១៣ ធ្នូថា សន្និសីទអន្តរជាតិដើម្បីគាំទ្រអ៊ុយក្រែន ដែលរៀបចំក្នុងក្រុងប៉ារីសប្រមូលបានថវិកាជិត ១ ០០០លានអឺរ៉ូសម្រាប់ជួយពលរដ្ឋអ៊ុយក្រែនឲ្យទប់ទល់នឹងរដូវរងារ។ នៅក្នុងទឹកប្រាក់ទាំងជិត ១ ០០០លានដុល្លារនេះត្រូវបានលោកស្រីកាទ្រីន កូឡូណាលំអិតថា មាន ៤១៥លានអឺរ៉ូសម្រាប់ថាមពល ២៥លានអឺរ៉ូសម្រាប់ទឹកស្អាត ៣៨លានអឺរ៉ូសម្រាប់ស្បៀងអាហារ ១៧លានអឺរ៉ូសម្រាប់សុខាភិបាល និង២២លានអឺរ៉ូសម្រាប់វិស័យដឹកជញ្ជូន។ ចំណែកលុយនៅសេសសល់នឹងត្រូវពិនិត្យ បែងចែកនាពេលខាងមុខ។ តាមលោកស្រីកាទ្រីន កូឡូណា ទឹកប្រាក់ដែលសន្យានៅក្នុងសន្និសីទមានចំនួនលើសការសុំរបស់ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡេនស្គីដែលចង់បានត្រឹម ៨០០លានអឺរ៉ូ។ ថ្លែងតាមវីដេអូនៅពេលបើកសន្និសីទ លោកហ្សេឡេនស្គីបានរៀបរាប់ពីស្ថានការណ៍ដែលពលរដ្ឋអ៊ុយក្រែនកំពុងជួបប្រទះនៅក្នុងរដូវរងារនេះ។