ព័ត៌មានជាតិ

១១ខែ ឆ្នាំ២០២២ ពន្ធដារប្រមូលចំណូល បានជាង ៣ពាន់លានដុល្លារ

ភ្នំពេញ ៖ រយៈពេល ១១ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្ដែងតាមប្រព័ន្ធ គ្រប់គ្រងទិន្នន័យចំណូល អនឡាញ ប្រមាណជា ៣ ២១៤,០៦ លានដុល្លារ ស្មើនឹង ១១៣.៩៩% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ដ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់ អគ្គនាយកដ្ឋានពន្ធដារ ប្រមាណជា ២៦៧,៩៨ដុល្លារ ស្មើនឹង ៩,៥០% នៃផែនការច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «សរុបរយៈពេល ១១ខែឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ១៣ ០១៦,៩៣ប៊ីលានរៀន (ប្រមាណជា ៣ ២១៤,០៦ លានដុល្លារ) ស្មើនឹង ១១៣.៩៩% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ៦៤៨.១៧ លានដុល្លារស្មើនឹង ២៥.២៩%»។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តថា «បើទោះជាការកើនឡើង នៃផែនការប្រមូលចំណូលពន្ធ ៧៥២.១៦លានដុល្លារ នេះជាការ កើនឡើងខ្ពស់ ហើយអាចនឹងនាំឱ្យការបំពេញបេសកកម្ម របស់អគ្គនាយកដ្ឋានពន្ធដារ មានសភាពតានតឹងកាន់តែខ្លាំង ក៏ខ្ញុំប្ដេជ្ញា និងព្យាយាមឱ្យអស់ពីលទ្ធភាព ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ក្នុងការបំពេញបេសកកម្មប្រមូលចំណូលពន្ធ ដោយមិនរាថយ និងមិនរារែក ពោលគឺខ្ញុំនឹងខិតខំប្រឹងប្រែងពុះពារអនុវត្តភារកិច្ច ប្រមូលចំណូល ដើម្បីជាការបន្តគាំទ្រដ៏ពេញទំហឹង ចំពោះការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។

លើសពីនេះ លោករដ្ឋមន្ដ្រី បានលើកឡើងថា ស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជាបាន និងកំពុងឆ្លងកាត់ដំណាក់កាលលំបាក និងរងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ដែលមិនទាន់ស្រាកស្រាន្តទាំងស្រុងនៅឡើយ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាច វិបត្តិថ្មីៗនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែកំពុងបន្ត ស្ថានភាពនៃអតិផរណា ដែលនេះក៏បានប៉ះពាល់ដល់ការងារគ្រប់គ្រងប្រមូលចំណូលពន្ធផងដែរ៕

To Top