ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវលេខ១៤៦បេ និងលេខ១៤៨ ប្រវែងសរុបប្រមាណ ៤៣,០២គីឡូម៉ែត្រ គ្រោងនឹងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
នាថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២២ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវលេខ១៤៦បេ និងលេខ១៤៨ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីសម្ពោធបើកឱ្យប្រើប្រាស់ ដឹកនាំដោយលោក យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោក ហ៊ុន ស៊ីថា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នាយរងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្រ្តី អភិបាលខេត្តព្រះសីហនុ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ក្រោយពីការចុះពិនិត្យទីតាំងជាក់ស្តែងរួចមក នៅសាលប្រជុំសាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ គណៈប្រតិភូខាងលើ បានជួបប្រជុំពិភាក្សាអំពីតួនាទី និងភារកិច្ចទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធលើបីចំណុច រួមមាន៖ ទីតាំងប្រារព្ធពិធី, ការរៀបចំមហាជនចូលរួម និងសន្តិសុខសុវត្ថិភាព៕