ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសេដ្ឋកិច្ច ស្នើUN គាំទ្រ កម្ពុជាដើម្បីសម្រេចគោលដៅ គ្មានមីនត្រឹមឆ្នាំ២០២៥

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើអង្គការសហប្រជាជាតិ (UN) សហការជាមួយដៃគូ អភិវឌ្ឍន៍ដទៃទៀត ដើម្បីសម្រេចគោលដៅកម្ពុជា គ្មានមីន ត្រឹមឆ្នាំ២០២៥ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច។

នាឱកាសអញ្ជើញ ទទួលជួបពិភាក្សាការងារជាមួយ លោក Joseph Scheuer អ្នកសម្របសម្របនៃទីភ្នាក់ងារ UN ប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន បានសង្ឃឹមយ៉ាងមុតមាំថា បេសកកម្មការងាររបស់ លោកទីភ្នាក់ងារ UN នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រព័ន្ធអង្គការ សហប្រជាជាតិ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក ឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ថា «ស្នើឱ្យអង្គការសហប្រជាជាតិ សហការជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងបេសកកម្មបោសសម្អាតមីន ដើម្បីឈានដល់ ការសម្រេចឱ្យបាននូវគោលបំណង នៃផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន ២០១៨-២០២៥ និងការសម្រេចបានគោលដៅ កម្ពុជាគ្មានមីន នៅត្រឹមឆ្នាំ ២០២៥» ។

ឆ្លៀតឱកាសនោះ លោក Joseph Scheuer បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការគាំទ្រកម្ពុជាឱ្យសម្រេចបាន នូវរបៀបវារៈ ស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ តាមរយៈ «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអង្គការសហប្រជាជាតិ (UN) Cooperation Framework)ថ្មី ឆ្នាំ២០២៤-២០២៨។

លោក Joseph Scheuer បានបន្ដថា អង្គការសហប្រជាជាតិ នឹងសហការជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលដើម្បីរៀបចំ «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ អង្គការសហប្រជាជាតិ ឆ្នាំ២០២៤-២០២៨» ក្រោមក្របខណ្ឌ នៃយន្តការ ដែលមានស្រាប់របស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យបាននូវការឆ្លើយតប ទៅនឹងទិសដៅ និងអាទិភាពនៃការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មី។

ជាការឆ្លើយតបលោកឧបនាយករដ្ឋមន្ដ្រី បានសម្តែងនូវសេចក្តីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ រវាងប្រព័ន្ធអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ហើយបានសម្តែងនូវការស្វាគមន៍ និងការត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយអង្គការសហប្រជាជាតិរៀបចំ «ក្របខ័ណ្ឌកិច្ចសហប្រត្តិការអង្គការ សហប្រជាជាតិ ឆ្នាំ២០២៤-២០២៨» ឱ្យស្របទៅតាមយុទ្ធសាស្ត្រ និងទិសដៅជាអាទិភាព របស់រាជរដ្ឋាភិបាល៕

To Top