ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីការជួយឧបត្ថម្ភទាំងឡាយ របស់បារាំងបាននោះទេ។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ ប្រទេសបារាំង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពុជា-បារាំង ពិតជាមានទំនាក់ទំនង តាំងពីយូរលង់ណាស់មកហើយ។
សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះបារាំង បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការកសាងសន្តិភាព និងអភិវឌ្ឍរបស់កម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះផងដែរ ។
សម្ដេចតេជោ មានប្រសាសន៍ថា «ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ ចេញពីការជួយឧបត្ថម្ភទាំងឡាយ របស់បារាំងបានទេ»។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណ ចំពោះប្រទេសបារាំង បានទទួលប្រជាពលរដ្ឋខ្មែរ ដែលរត់ភៀសខ្លួនពីសង្គ្រាម និងពីរបបប្រល័យពូជសាសន៍ប៉ុលពត មករស់នៅប្រទេសបារាំង ដោយសុខស្រួល ៕