ព័ត៌មានជាតិ

អាស៊ាន និងអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នា យ៉ាងស្អិតរមួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានជឿជាក់ថា អាស៊ាន និងសហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ប្រកបដោយបរិយាបន្ន ភាពបើកចំហ តម្លាភាព និងការផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ស្មារតី មនសិការ និងបំណងប្រាថ្នារួម ចំពោះសន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងពីររបស់យើង បាននាំមកនូវការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រ ប្រកបដោយភាពជោគជ័យ ជាមួយនឹងផែនការសកម្មភាព ឆ្នាំ២០២៣-២០២៧ ដែលមានភាពច្បាស់លាស់ និងគ្របដណ្តប់យ៉ាងទូលំទូលាយទៅលើផ្នែកជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន។

សម្ដេចតេជោ បន្ដថា កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូវបានរៀបចំឡើង ក្នុងពេលដែលពហុភាគីនិយម បាននិងកំពុង ទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាននិងកំពុងទទួលរងនូវការគំរាមកំហែង ដោយសកម្មភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហលើច្បាប់, បទដ្ឋាន និងគោលការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល។

សម្រាប់ដំណើរឆ្ពោះទៅមុខ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំជឿជាក់ថា អាស៊ាន និងសហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ប្រកបដោយបរិយាបន្ន, ភាពបើកចំហ, តម្លាភាព និងការផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ក្នុងនាមជាប្លុកតំបន់ពីរ ដែលផ្អែកលើច្បាប់ និងមានការទទួលខុសត្រូវ, អាស៊ាន និង សហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារ និង លើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់, បទដ្ឋាន និង គោលការណ៍ដែលត្រូវបានទទួលស្គាល់ជាសកល ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងសន្តិភាព ស្ថិរភាព និង ការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត និងជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់របស់យើងក៏ដូចជាពិភពលោក»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ជាមួយនឹងការកត់សម្គាល់ផ្ទាល់ និងបទពិសោធនៃករណីជម្លោះ ដែលបានអូសបន្លាយ និងបង្កជាសោកនាដកម្ម នៅកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន មិនដែលជឿថា «យើងអាចគេមិនអាចសម្រេចបាននូវសន្តិភាព តាមរយៈការធ្វើសង្គ្រាម ឬការគំរាមបង្កសង្គ្រាមនោះឡើយ»។ ក្នុងន័យនេះ សម្ដេច សង្ឃឹមដោយស្មោះថា «យើងគួរតែកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និង ការពិគ្រោះយោបល់ជាវិធីសាស្ត្ររួមរបស់យើង»៕

To Top