ព័ត៌មានជាតិ

កម្ពុជា អំពាវនាវវិនិយោគិនបរទេស ពិសេសអឺរ៉ុបជ្រើសរើសអាស៊ាន ជាគោលដៅវិនិយោគ

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានអំពាវនាវឲ្យធុរជន និងវិនិយោគិនបរទេសទាំងអស់ ជាពិសេសធុរជន និងវិនិយោគិនអឺរ៉ុប ជ្រើសរើសអាស៊ានជាគោលដៅវិនិយោគ ប្រកបដោយសក្តានុពលខ្ពស់ ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន ។

ការថ្លែងអំពាវនាវរបស់លោក ប៉ាន សូរស័ក្ដិ ធ្វើឡើងក្នុងឱកាស ចូលរួមជាអធិបតី និងថ្លែងសុន្ទរកថា បើកក្នុងនាមសម្តេចតេជោ ហ៊ុន សែន ក្នុងកម្មវិធីអាហារថ្ងៃត្រង់ C-Suite Luncheon ដែលព្រឹត្តិការណ៍នេះមានការ ចូលរួមពីប្រមុខរដ្ឋាភិបាល រូមមានប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្ត្រីវៀតណាម និងថៃ ព្រមទាំងរដ្ឋមន្ត្រីពាណិជ្ជកម្ម មកពីបណ្តាប្រទេសអាស៊ាន និងសហភាពអឺរ៉ុប តំណាងសភាពាណិជ្ជកម្ម នាយកប្រតិបត្តិក្រុមហ៊ុនធំៗ និងដៃគូធុរកិច្ច ប្រមាណ ២០០នាក់។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អាស៊ាន និងសហភាពអឺរ៉ុបបានធ្វើដំណើរ ដ៏វែងឆ្ងាយជាមួយគ្នាដើម្បីសម្រេចឱ្យ បាននូវគោលបំណងចម្បង ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង រវាងសហគមន៍ទាំងពីរ លើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម និងធុរកិច្ច ប្រកបដោយទំនើបកម្ម ភាពធន់ និងបរិយាប័ន្ន។

លោកបន្តថា អាស៊ាន និងសហភាពអឺរ៉ុប ក៏ដូចជាសកលលោកទាំងមូល បានទទួលផលប៉ះពាល់យ៉ាងខ្លាំង ពីការរាតត្បាតជាសកល នៃកូវីដ-១៩ក្នុងរយៈពេល០៣ឆ្នាំកន្លងមកនេះ និងបញ្ហាប្រឈមដ៏ទៃទៀតដូចជា ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្រ្គាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ។ល។ យ៉ាងណាមិញ តាមរយៈកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាមួយប្រទេសជាដៃគូ រួមទាំងសហភាពអឺរ៉ុប ប្រកបដោយស្មារតីរួបរួម តំបន់ទាំងពីរបានយកឈ្នះជាបណ្តើរៗ លើការគម្រាមកំហែងជាសកល ហើយបានចាប់ផ្តើមដំណើរការ ស្តារឡើងវិញលើគ្រប់វិស័យ រួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ។

ក្នុងនោះលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ ពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ដែលជាកម្លាំងចលករជំរុញការ អនុវត្តយន្តការនានាដែលដាក់ចេញ ដោយរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់ ឱ្យមានប្រសិទ្ធិភាព។

គួរបញ្ជាក់ថា ផ្អែកតាមទិន្នន័យនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទំនិញទ្វេភាគី រវាងកម្ពុជា និងសហភាពអឺរ៉ុប នៅឆ្នាំ២០២១ សម្រេចបាន ៤.១៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំ ៣.២២ ពាន់លានដុល្លារអាមេរិក និងការនាំចូលមានទំហំ ០.៩៥ពាន់លានដុល្លារអាមេរិក។ ប្រៀបធៀបនឹងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០២១ មានការកើនឡើងចំនួន ៨.៤៣%៕

To Top