ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ (ច្បាប់ថវិកាជាតិ)។
យោងតាមព្រះរាជក្រម ចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា «ច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលរដ្ឋសភាពបានអនុម័ត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នាសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៤»។
សូមរំលឹកថា ច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ កម្រាស់៤២ទំព័រ មាន៥ជំពូក និង១៤មាត្រា។ តាមរយៈច្បាប់នេះ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលគ្រងចំណាយថវិកាប្រមាណ ៩ពាន់លានដុល្លារ និងប្រមូលចំណូលឲ្យបានជាង ៨ពាន់លានដុល្លារ៕









