ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានប្រកាសឱ្យដឹងថា សម្ដេច មិនបញ្ជូនទាហានរបស់កម្ពុជា ចូលច្បាំងជាមួយរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែននោះឡើយ ។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃ ដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៊ិក នាថ្ងៃទី១៤ ខែធ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅតំបន់អាស៊ាន មិនមែនមានគោលជំហរ ដូចគ្នាទាំងស្រុងនោះទេ ចំពោះសេចក្តីសម្រេច នៅមហាសន្និបាត របស់អង្គការសហប្រជាជាតិ មានប្រទេសខ្លះបោះឆ្នោតគាំទ្រ និងប្រទេសខ្លះទៀតបោះឆ្នោតអនុប្បវាទ ផងដែរ។
សម្ដេចតេជោ រំលឹកថា សម្រាប់កម្ពុជា បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ថ្កោលទោសចំពោះការឈ្លានពាន ឬការកាត់យកទឹកដី ក្រៅពីនោះក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាក៏បានសម្របសម្រួល ដើម្បីចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធជាមួយនឹងការសន្ទនា ឬបទឈប់បាញ់រវាងរុស្ស៉ី និងអ៊ុយក្រែន។
សម្ដេចតេជោ បន្ថែមថា «យើងមិនយល់ព្រម ជាមួយនឹង ការឈ្លានពាន ការប្រើប្រាស់កម្លាំង ឬការកាត់យកទឹកដីនោះទេ ជំហរនេះគិតៗ ទៅយើងមិនមែនត្រឹមតែជាអ្នកគាំទ្រ ក៏ប៉ុន្តែយើងបានដើរតួជាសហស្ថាបនិក ទៅលើសេចក្តីសម្រេចនានានៅឯអង្គការសហប្រជាជាតិ»។
ទាក់ទងនឹងអ៊ុយក្រែននេះ សម្តេចតេជោ នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា កម្ពុជា ក៏បានសម្រេចរួចហើយ ដើម្បីបញ្ជូនគ្រូខាងផ្នែកដោះមីន រួមជាមួយជប៉ុន ទៅជួយអ៊ុយក្រែន ព្រមទាំងការបណ្តុះបណ្តាលការដោះមីនផងដែរ។
សម្តេចតេជោ បញ្ជាក់ទៀតថា «ហើយយើងក៏នឹងទទួលយកសិក្ខាកាមរបស់អ៊ុយក្រែន ១៥នាក់ ក្នុងខែមករា នេះ ដើម្បីធ្វើ ជាអ្នកបំផ្លាញចោលគ្រាប់មីន ព្រោះវាជារឿងគ្រោះថ្នាក់ ហើយវាជារឿងមនុស្សធម៌។ ប៉ុន្តែយើងមិនបញ្ជូនទាហានរបស់យើង ចូលច្បាំងជាមួយរុស្ស៉ី ក្នុងប្រទេសអ៊ុយក្រែន នោះទេ»៕