នយោបាយ

អឺរ៉ុប គាំទ្រតួនាទីដឹកនាំរបស់អាស៊ាន ក្នុងការជួយភូមា ឱ្យវិលទៅកាន់ មាគ៌ាប្រជាធិបតេយ្យ

ភ្នំពេញ៖ សហភាពអឺរ៉ុប បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងារ របស់ប្រេសិតពិសេស ក្នុងការជំរុញកិច្ចព្រមព្រៀង 5PC ព្រមទាំងប្តេជ្ញាចិត្ត គាំទ្រមជ្ឈភាពអាស៊ាន និងតួនាទីដឹកនាំរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិល ទៅកាន់មាគ៌ា ប្រជាធិបតេយ្យវិញ ឱ្យបានឆាប់បំផុត ។

ការថ្លែងកោតសរសើរ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ចំពោះបញ្ហាមីយ៉ាន់ម៉ា ពីសំណាក់សហភាពអឺរ៉ុប ធ្វើឡើងនៅក្នុងឱកាសកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប​​ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ។

ក្នុងឱកាសកិច្ចប្រជុំកំពូលនោះដែរ ឧប​នាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងនាមជាប្រេសិតពិសេស នៃប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា បានធ្វើបទឧទ្ទេសនាមជូន គណៈកម្មាធិការនយោបាយ និង សន្តិសុខនៃសហភាពអឺរ៉ុប ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ ៥ ចំណុច (5PC)​ នៅក្នុងសម័យប្រជុំបិទទ្វារ ដែលដឹកនាំដោយ លោកជំទាវឯកអគ្គរដ្ឋទូត ដែលហ្វីន ផ្រង់ (Delphine Pronk) ប្រធានគណៈកម្មាធិការនយោបាយ និងសន្តិសុខ (PSC) ដោយមានការចូលរួមពីតំណាង ឯកអគ្គរាជ/រដ្ឋទូតមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានបញ្ជាក់យ៉ាងដូច្នេះថា «សហភាពអឺរ៉ុបបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា និងការងាររបស់ប្រេសិតពិសេស ក្នុងការជំរុញកិច្ចព្រមព្រៀង 5PC និងបានបញ្ជាក់ឡើងវិញនូវ ការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួន ក្នុងការគាំទ្រមជ្ឍិមភាព អាស៊ាន និងតួនាទីដឹកនាំរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិល ទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ ឱ្យបានឆាប់បំផុត ។ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានសម្តែងនូវសេចក្តីដឹងគុណ ចំពោះសហភាពអឺរ៉ុប ក្នុងការរួមចំណែកដ៏សប្បុរសដល់អាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នេះ ជាពិសេសក្នុងផ្នែកជំនួយមនុស្ស ធម៌នៅមីយ៉ាន់ម៉ា» ។

សេចក្ដីប្រកាសបានឲ្យដឹងទៀតថា ក្នុងសម័យប្រជុំបិទទ្វារនេះ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកបច្ចុប្បន្នភាពថ្មីៗស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការងារទាំងឡាយរបស់ប្រេសិតពិសេស ក្នុងការជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងការវិលទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ។ លោកក៏បានរំលឹកឡើងវិញអំពីសារៈសំខាន់ នៃការអនុវត្តកិច្ចព្រមព្រៀង 5PC ដែលសំដៅជំរុញនូវវត្ថុបំណងធំៗ ៣ គឺ៖ (១) ការបញ្ឈប់អំពើហិង្សា និងបទឈប់បាញ់ (២) ការផ្តល់ជំនួយមនុស្សធម៌ជូន ដល់អ្នកដែលមានតម្រូវការបំផុត (៣) ការបង្កើតបរិយាកាសមួយដែលអំណោយផល សម្រាប់ការចាប់ផ្តើមដំណើរការ កិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ។

ដោយមើលឃើញ ពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលនៅតែបន្តមានសភាពធ្ងន់ធ្ងរប្រកប ដោយគ្រោះថ្នាក់ និងអស្ថិរភាពនោះ មេដឹកនាំបានអនុម័ត ឯកសារស្តីពី “ការពិនិត្យ និងសេចក្តីសម្រេច របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច” នៅក្នុងឱកាសកិច្ច ប្រជុំកំពូលអាស៊ាន លើកទី៤១ នៅរាជធានីភ្នំពេញ ដែលរួមមាន១៥ចំណុច ដើម្បីកំណត់ទិសដៅអនាគត នៃកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ា។ លោក ប្រាក់ សុខុន​ ក៏បានបញ្ជាក់ផងដែរថា ចំណុចទាំង១៥ នៃឯកសារនេះ គឺពុំមែនយកមកជំនួស 5PC នោះទេ ប៉ុន្តែដើម្បីបំពេញបន្ថែម និងសម្របសម្រួល ដល់កាអនុវត្តកិច្ចព្រមព្រៀង 5PC ឲ្យបានឆាប់។

ប្រេសិតពិសេស បានគូសបញ្ជាក់ថា ការដោះលែងអ្នកទោសដ៏សន្ធឹកសន្ធាប់ ដែលមានចំនួនប្រមាណ ៦០០០ នាក់ រួមទាំងមេដឹកនាំជាន់ខ្ពស់របស់ NLD សកម្មជនប្រឆាំងសំខាន់ៗ អ្នកកាសែត និងជនជាតិអូស្ត្រាលី អង់គ្លេស ជប៉ុន និងសហរដ្ឋអាមេរិក គឺជាកាយវិការវិជ្ជមានមួយក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសមួយដែល អំណោយផលសម្រាប់ការចាប់ផ្តើម ដំណើរការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ នៅមីយ៉ាន់ម៉ា។ ប្រេសិតពិសេស​ ក៏បានបង្ហាញនូវក្តីសង្ឃឹមថា នឹងមានការដោះលែងអ្នកទោស បន្ថែមទៀតនាពេលអនាគត ដើម្បីផ្តល់ឱកាសដល់សន្តិភាព​ និងការផ្សះផ្សាជាតិ ៕

To Top