ព័ត៌មានជាតិ

កម្ពុជា-កូរ៉េ សន្យាបន្ដពង្រីក កិច្ចសហប្រតិបត្តិការនានា ដើម្បីលើស្ទួយសកម្មភាព អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច

ភ្នំពេញ ៖ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក PARK Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានសន្យានឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ ហិរញ្ញប្បទាន អភិវឌ្ឍន៍ផ្លូវការ ដើម្បីរួមចំណែកលើកស្ទួយ សកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។

នាឱកាស​អនុញ្ញាត​ឱ្យ​ទូតកូរ៉េ ចូលជួបសម្ដែងការគួរសម និងជម្រាបលានាថ្ងៃទី១៤ ធ្នូ នៅទីស្ដីទីក្រសួង លោក អូន ព័ន្ធមុន្នីរ័ត្ន បានថ្លែងឱ្យដឹងថា ក្នុងអាណត្តិរបស់ លោកអគ្គរដ្ឋទូត កម្ពុជា និងកូរ៉េ សម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន។

ទន្ទឹមនេះ លោក PARK Heung-Kyeong ក៏បានសម្តែងនូវសេចក្តី រីករាយជាអនេក ចំពោះសមិទ្ធផលជាច្រើនដែលសម្រេចបានរួមគ្នា រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ជាពិសេស គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅរាជធានីភ្នំពេញ ភ្នំពេញ-អរិយក្សត្រ។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណាលើការវិនិយោគបន្ថែម ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដទៃទៀត នៅភាគខាងកើតទន្លេមេគង្គ ក្នុងខេត្តកណ្តាល ស្របពេលដែលស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ចាប់ផ្តើមដំណើរការសាងសង់ តាមរយៈការសិក្សាលើផែនការមេ (Master Plan) ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា នៅភាគខាងកើត ក្នុងភូមិសាស្រ្តខេត្តកណ្តាល ដើម្បីទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីគម្រោងស្ពាន មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ភ្នំពេញ-អរិយក្សត្រ ហើយ ភាគីកូរ៉េត្រៀមខ្លួន ជាស្រេចក្នុងការផ្តល់នូវកិច្ចសហការជិតស្និទ្ធក្នុងការសិក្សា រៀបចំផែនការមេនេះ តាមតម្រូវការ ជាក់ស្តែង ។

ជាការឆ្លើយតប លោក ឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណ និងទទួល យកនូវគំនិតផ្តួចផ្តើម ដើម្បីធ្វើការសិក្សាក្នុងការរៀបចំផែនការមេ ក្នុងការវិនិយោគបន្ថែមលើ បណ្តាញហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយទៀត នៅក្នុងតំបន់ប៉ែកខាងកើត នៃរាជធានីភ្នំពេញ ក្នុងជំហានបន្តបន្ទាប់ទៀត ដើម្បីជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ចនៅតំបន់នោះ ឲ្យរីកចម្រើនឆាប់រហ័ស នាពេលអនាគត។

ឆ្លៀតឱកាសនោះដែរ ភាគីទាំងពីរ ក៏បានសន្យាថា «នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ដើម្បីរួមចំណែក លើក ស្ទួយសកម្មភាព អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេស ការផ្តល់ជំនួយ បច្ចេកទេសផ្សេងៗទៀត និងការគិតគូរអំពីការ ពង្រឹងវិស័យអប់រំ និងការសិក្សា ស្រាវជ្រាវ តាមរយៈកម្មវិធីចែករំលែកចំណេះដឹង (Knowledge Sharing Program – KSP) និងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (Korea Development Institute – KDI) ដែលយន្តការទាំងនេះអនុញ្ញាតឲ្យប្រទេសទាំងពីរ ចែករំលែកទៅវិញទៅមក នូវបទពិសោធន៍, ចំណេះដឹង និងជំនាញ»៕

To Top