ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ បានបញ្ចប់ ត្រឹមខណ្ឌឫស្សីកែវ

​​ភ្នំពេញ៖ ខណ្ឌឫស្សីកែវជាខណ្ឌទី១៤ ហើយក៏ជាខណ្ឌចុងក្រោយបង្អស់ ដែលត្រូវបានរៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់​ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងរយៈពេល១ឆ្នាំម្តង ដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋ បានដឹងពីសមិទ្ធផល ដែលសម្រេចបាន និងបញ្ហាប្រឈម ជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុ របស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើរសំណូមពរ របស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយជូនពួកគាត់ ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ជាលើកទី១៤និងជាលើកចុងក្រោយបង្អស់នេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅភោជនីយដ្ឋាន MODERN5 ផ្លូវជាតិលេខ៥ ខណ្ឌ​ឫស្សីកែវ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី តំណាងឱ្យ​លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ​រាជធានីភ្នំពេញអាណត្តិទី៣ បានបញ្ចប់ហើយនៅត្រឹមខណ្ឌឬស្សីកែវនេះ ហេីយសង្ឃឹមថា តាមរយៈវេទិកានេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ទៅប្រជាពលរដ្ឋតាមរយៈការស្នើសុំ និងការលើកជាសំណូមពរ របស់ពួកគាត់។

លោកបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តង សំរាប់ខណ្ឌនីមួយៗដើម្បីស្វែងយល់ ពីតំរូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។តែវេទិកាបែបនេះត្រូវបានអាក់ខានអស់ រយៈពេលជាង២ឆ្នាំដោយសារវិបត្តិ ជំងឺកូវីដ-១៩ ។

ក្នុងនោះប្រជាពលរដ្ឋ បានលើកឡើងជាសំណើរនិងសំណូមពរដោយផ្ទាល់មាត់ រួមមាន ស្នើសុំតទឹកស្អាត​ សម្រាប់ប្រជាពលរដ្ឋ៨០គ្រួសារ រស់នៅតាមដងទន្លេសាប ក្នុងសង្កាត់ច្រាំងចំរេះទី១ ស្នើសុំភ្លើងបំភ្លឺសាធារណៈ ធ្វើលូ ពង្រីកផ្លូវជាតិលេខ៥ ការស្នើពន្យល់ពីការផ្តល់កម្មសិទ្ធិដីធ្លី សម្រាប់ប្រជាពលរដ្ឋរស់តាមបណ្តោយច្រាំងទន្លេ ,ស្នើសុំផ្តល់ប្រាក់ឧបត្ថម ដែលស្លាប់ដោយជម្ងឺកូវីដ-១៩ និងការសុំជួយអន្តរាគមន៍ ដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួន នៅក្នុងផ្សារថ្មីច្រាំងចំរេះ។

ចំពោះ សំណើរនិងសំណូមពរខាងលើនេះ លោកឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់អោយដឹងថា ការស្នើសុំតទឹកស្អាត សម្រាប់ប្រជាពលរដ្ឋ៨០គ្រួសារ រស់នៅតាមដងទន្លេសាប ក្នុងសង្កាត់ច្រាំងចំរេះទី១ លោកទើបទទួលបាននៅពេលនេះ តែលោកសន្យា ថានឹងចុះទៅពិនិត្យជាក់ស្តែង ជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដើម្បីតជូន តែត្រូវដាក់ពាក្យស្មើសុំ។ ចំពោះស្នើសុំភ្លើងបំភ្លឺសាធារណៈ ការសុំធ្វើលូ ពង្រីកផ្លូវជាតិលេខ៥ អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធ នឹងពិនិត្យលទ្ធភាព ដើម្បីដោះស្រាយ ។ ចំពោះការស្នើសុំផ្តល់ប្រាក់ឧបត្ថម ដែលបានស្លាប់ដោយជម្ងឺកូវីដ-១៩ លោកឯក ឃុនដឿន បញ្ជាក់ថា អាជ្ញាធរបានដោះស្រាយលើបញ្ហានេះ បាន៤០ គ្រួសារហើយ នឹងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត ហើយចំពោះ ការស្នើសុំជួយអន្តរាគមន៍ដោះស្រាយ បញ្ហាមិនប្រក្រតីមួយចំនួននៅក្នុងផ្សារថ្មីច្រាំងចំរេះ លោកសន្យាថានឹងចាត់ការរឿងនេះ ដោយធ្វើរបាយការណ៍ទៅថ្នាក់រាជធានី ជាមួយនឹងការណែនាំ ឲ្យអ្នកអនុវត្តខុសកែប្រែឡើងវិញ៕

To Top