នយោបាយ

EU អនុម័តថវិកាប្រមាណ ២៩លានអឺរ៉ូ ដើម្បីគាំទ្របន្ថែមទៀត ដល់វិស័យអប់រំ នៅកម្ពុជា

ភ្នំពេញ៖ លោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុប សម្រាប់ភាព ជាដៃគូអន្តរជាតិ បានថ្លែងបញ្ជាក់ថា សហភាពអឺរ៉ុប (EU) ទើបតែបានអនុម័ត​ នូវថវិកាប្រមាណ ២៩លានអឺរ៉ូ ដើម្បីគាំទ្របន្ថែមទៀត ដល់វិស័យអប់រំ នៅកម្ពុជា ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ ស្ដីពីលទ្ធផលជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុបសំខាន់ៗ ដែលរួមមាន លោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ លោក Josep Borrell Fontelles តំណាងជាន់ខ្ពស់នៃសហភាព​អឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និង ជាអនុប្រធានគណៈកម្មការ​​អឺរ៉ុប និងលោកស្រី Tanja Fajon ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃប្រទេសស្លូវេនី កាលពីថ្ងៃទី១២ ដល់១៤ ខែធ្នូ ឆ្នាំ២០២២ ។

ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍កោតសរសើរ ភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-EU និងការរួមចំណែកដ៏សំខាន់របស់ EU ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ លោឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបភាគី EU អំពីការរីកចម្រើនប្រកប ដោយស្ថេរភាព ក្នុងវិស័យលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា ដោយបានគូសបញ្ជាក់ អំពីការតាំងចិត្តដ៏រឹងមាំរបស់កម្ពុជា ក្នុងការធានា និងការពារនីតិរដ្ឋ ។

ជាការឆ្លើយតប លោកស្រី Urpilainen បានជម្រាបអំពីឆន្ទៈរបស់ EU ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា សម្រាប់ការចាកចេញពីឋានៈជាប្រទេស LDCs នៅឆ្នាំ២០២៧ សំដៅជួយកសាងនូវការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព។

ក្នុងក្របខ័ណ្ឌការងារអាស៊ាន-EU​​ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការចូលរួមរបស់លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តដ៏មុតមាំ នៃភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុប ។

លោកស្រី Urpilainen បានកោតសរសើរ ចំពោះតួនាទី របស់កម្ពុជា ជាប្រធានអាស៊ាន ក្នុងការដឹកនាំអាស៊ាន និងដៃគូសន្ទនារបស់ខ្លួន នៅក្នុងឆ្នាំដ៏លំបាកនេះ ហើយបានរំលឹកសាជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ EU សម្រាប់ការពង្រឹងភាពជា ដៃគូយុទ្ធសាស្ត្រអាស៊ាន-EU តាមរយៈការជំរុញ ការវិនិយោគជាមួយនឹង ថវិកាប្រមាណ ១០ប៊ីលានអឺរ៉ូ នៅក្នុងតំបន់អាស៊ានសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៧ ស្ថិតក្រោមគំនិតផ្តួចផ្តើម ច្រកទ្វារសកល (The Global Gateway) របស់ EU ដោយផ្តោតលើការផ្លាស់ប្តូរឌីជីថល ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធគុណភាព និងការតភ្ជាប់ប្រកបដោយនិរន្តរភាព ៕

To Top