ភ្នំពេញ៖ លោក Josep Borrell Fontelles តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និង សន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងថា សហភាពអឺរ៉ុប ពិតជាមានការចាប់អារម្មណ៍ ក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-EU ឱ្យដល់កម្រិតថ្មីមួយបន្ថែមទៀត ស្ថិតក្រោមការគាំទ្រ ពីគំនិតផ្តួចផ្តើម ច្រកទ្វារសកលរបស់ EU ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ ស្ដីពីលទ្ធផលជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំសហភាព អឺរ៉ុបសំខាន់ៗ ដែលរួមមាន លោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ លោក Josep Borrell Fontelles តំណាងជាន់ខ្ពស់នៃសហភាព អឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការ អឺរ៉ុប និងលោកស្រី Tanja Fajon ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃប្រទេសស្លូវេនី កាលពីថ្ងៃទី១២ ដល់១៤ ខែធ្នូ ឆ្នាំ២០២២ ។
ក្នុងជំនួបទ្វេភាគីជាមួយលោក ប្រាក់ សុខុន លោក Josep Borrell Fontelles បានចូលរួមអបអរសាទរ ដល់កម្ពុជា ចំពោះភាពជោគជ័យ ក្នុងនាមជាប្រធានអាស៊ាន និង បានអរគុណកម្ពុជាដែលបាន ចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការគាំទ្រ និងចូលជា co-sponsor លើសេចក្តីសម្រេចចិត្ត របស់អង្គការ សហប្រជាជាតិពាក់ព័ន្ធនឹង វិបត្តិនៅអ៊ុយក្រែន ក៏ដូចជាការរួមចំណែកក្នុងការបញ្ជូន អ្នកជំនាញកម្ពុជា ទៅជួយបណ្តុះបណ្តាល អ្នកដោះមីនអ៊ុយក្រែនផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនភាគី EU ផងដែរថា បើទោះជាភាពជាប្រធាន អាស៊ានរបស់កម្ពុជា ស្ថិតចំពេល ដែលពិភពលោកកំពុង ជួបប្រទះនូវបញ្ហាប្រឈម និងស្មុគស្មាញជាច្រើនក៏ដោយ អាស៊ាននៅតែអាចសម្រេចបាន នូវសមិទ្ធផលសំខាន់ៗ ដែលក្នុងនោះរួមមានការដាក់ចេញ នូវឯកសារលទ្ធផលចំនួន១៣០ឯកសារ ។ ទន្ទឹមនេះ អាស៊ានក៏បានឯកភាពជា គោលការណ៍ទទួល ប្រទេស ទីម័រ ជាសមាជិកទី១១ របស់អាស៊ានផងដែរ ។ ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ថ្នាក់ដឹកនាំអាស៊ានបានដាក់ចេញ នូវសេចក្តីសម្រេចចិត្តចំនួន ១៥ចំណុច ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច ក្នុងការនាំប្រទេសមីយ៉ាន់ម៉ា វិលត្រឡប់មកប្រក្រតីភាពវិញ។
លោក Borrell ក៏បានអបអរសាទរចំពោះការត្រៀម ចាកចេញរបស់កម្ពុជាពីប្រទេស LDCs ដែលនឹងរួមចំណែកដល់ការពង្រីក ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-EU ក្នុងដំណាក់កាលថ្មីទៀត ។
ជាកិច្ចឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយ ចំពោះការរីកចម្រើនជាលំដាប់ នៃកិច្ចសហប្រតិបត្តិការកម្ពុជា-EU និងបានគូសបញ្ជាក់អំពី ភាពប្រសើរឡើង គួរឱ្យកត់សម្គាល់របស់កម្ពុជា លើផ្នែកលទ្ធិប្រជាធិបតេយ្យ ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីដើមខែមិថុនាឆ្នាំនេះ ត្រូវបានវាយតម្លៃថា បានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ជាមួយនឹងអត្រាអ្នកទៅបោះឆ្នោតជាង ៨០% និងមានការចូលរួមប្រកួតប្រជែងពី គណបក្សនយោបាយចំនួន ១៧គណបក្ស ។
លោក ប្រាក់ សុខុន បានអញ្ជើញអឺរ៉ុបចូលរួម សង្កេតការណ៍បោះឆ្នោតនាឆ្នាំ២០២៣ ខណៈអឺរ៉ុបក៏គ្រោងបញ្ជូនអ្នកសង្កេតការណ៍ បោះឆ្នោតនៅកម្ពុជា ផងដែរ ៕