ភ្នំពេញ÷ គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គរ លើកទី២៩ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប ក្រោមអធិបតីភាព របស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងសហប្រធាន នៃកិច្ចប្រជុំ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន និង លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

កិច្ចប្រជុំពេញអង្គលើកទី២៩ នៃគណ:កម្មាធិការអាយស៊ីស៊ី-អង្គរ នាពេលនេះនឹងពិនិត្យ ពិភាក្សាទៅលើរបាយការណ៍ សកម្មភាពនានា របស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិ សំបូរព្រៃគុក ការអភិរក្សជួសជុល ការស្រាវជ្រាវបុរាណវិទ្យា និងការបណ្ដុះបណ្ដាលធនធានមនុស្ស និងការងារសង្គ្រោះបន្ទាន់ទៅលើប្រាសាទ និងបុរាណដ្ឋាននានាជាដើម។

ក្នុងនោះដែរ ក៏មានការចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ចំនួន២៖
១)រវាងអាជ្ញាធរជាតិអប្សរា និងសហជីពអង្គរ សង្កាត់គ្រប់គ្រងទឹក នៃជ្រលងប៊ីយ៉ែវ្រ SIAVB (បារាំង)
២) អាជ្ញាធរជាតិអប្សរា និង ស្ថាប័នJASA ជប៉ុន។

បន្ថែមពីលើនេះ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នឹងផ្តល់កិត្តិយស អញ្ជើញចូលរួមជាអធិបតី ក្នុងការបំពាក់គ្រឿងឥស្សរយស ជូនដល់អ្នកជំនាញជាតិនិងអន្តរជាតិ ដែលបានចូលរួមចំណែកក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍន៍ ប្រកបដោយចីរភាពរមណីយដ្ឋាន អង្គររយៈពេល៣០ឆ្នាំមកនេះ៕













