ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ លេខចុះបញ្ជីរថយន្តលក់ បានប្រមាណជា ២៣១ពាន់លេខ ទទួលចំណូលសរុប ប្រមាណជា ៣៤៣ពាន់លានរៀល ស្មើនឹង ៨៥លានដុល្លារ។
យោងតាមរបាយការណ៍ របស់គណៈកម្មការអន្តរក្រសួងសាធារណការ បានបញ្ជាក់ឱ្យដឹងថា «គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២២ លេខចុះបញ្ជីរថយន្តលក់ បានសរុបប្រមាណជាង២៣១ពាន់លេខ ទទួលបានចំណូលសរុបប្រមាណ ជាង៣៤៣ពាន់លានរៀល ស្មើនឹង៨៥លានដុល្លារអាមេរិក ក្នុងនោះ ៖ លេខពិសេសលក់បានប្រមាណ ជាង២១៥ពាន់លេខ ទទួលបានចំណូលប្រមាណ ជាង២៣១ពាន់លានរៀល ស្មើនឹង៥៧លានដុល្លារ អាមេរិក និងលេខពិសេសផ្ទាល់ខ្លួន លក់បានប្រមាណជាង ១៥ពាន់លេខ ទទួលបានចំណូលប្រមាណ ជាង១១២ពាន់លានរៀល ស្មើនឹង២៨លានដុល្លារអាមេរិក»។
ដោយឡែក ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ចាប់ពីខែមករា ដល់ខែវិច្ឆិកា ក្នុងឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុប ប្រមាណជាង៧៨ពាន់លានរៀល ស្មើនឹងប្រមាណ១៩លានដុល្លារអាមេរិក កើនឡើងប្រមាណ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំពិភាក្សា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីវឌ្ឍនភាព នៃការលក់លេខចុះបញ្ជីយានយន្ត របស់គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត នាថ្ងៃទី១៥ ធ្នូ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំ ចូលរួមផ្តល់មតិយោបល់ ក៏ដូចជាធាតុចូលឱ្យបានផុសផុល សំដៅធ្វើយ៉ាងណា ឱ្យការរៀបចំផែនការសកម្មភាព ពិព័រណ៍ផា្លកលេខពិសេស និងរថយន្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យដំណើរការរៀបចំប្រារព្ធខួប ៣ឆ្នាំនៃការលក់លេខពិសេសផ្ទាល់ខ្លួន អាចប្រព្រឹត្តទៅបានដោយរលូន និងបានគូសបញ្ជាក់បន្ថែមទៀត ថា ចំណូលមួយចំនួនដែលបានមកពី កម្មវិធីពិព័រណ៍ការលក់ លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន នឹងត្រូវយកទៅរួមចំណែក ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកស្រី រដ្ឋលេខាធិការប្រធានអង្គប្រជុំបានថ្លែងកោតសរសើរ ដល់អនុគណៈកម្មការជំនាញទាំងពីរ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររៀបចំ ផែនការសកម្មភាពពិព័រណ៍ លក់លេខពិសេសផ្ទាល់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបានស្នើឱ្យអង្គប្រជុំ ធ្វើការពិភាក្សា និងសម្រេចជាគោលការណ៍រួម លើផែនការសកម្មភាពនេះ ដើម្បីដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រី ពិនិត្យសម្រេចជាផ្លូវការ៕