ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំនិពន្ធនាយកសារព័ត៌មាន ត្រូវពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងប្រឆាំង ជនឱកាសនិយម ជ្រកក្រោមស្លាកសារព័ត៌មាន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់និពន្ធនាយកសារព័ត៌មាន ត្រូវពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាសនិយម ជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីរក្សាគុណតម្លៃ និងសេចក្ដីថ្លៃថ្នូរ របស់ស្ថាប័នសារព័ត៌មាន។

តាមរយៈលិខិតផ្ញើ ជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជាមួយការខិតខំ ប្រឹងប្រែងរបស់ អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានមួយចំនួនធំ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ក៏នៅមានអ្នកសារព័ត៌មានមួយចំនួនតូចបាន និងកំពុងបំពេញការងារដោយបំពានក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន បានធ្វើការផ្សព្វផ្សាយនូវព័ត៌មានមិនពិតបំពុលសង្គម ជេរប្រមាថ អុចអាល បង្កនូវអរិភាពនៅក្នុងសង្គម ធ្វើឱ្យកើតមានជម្លោះ ការបែកបាក់សាមគ្គីភាព បង្កអស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធ្វើឱ្យប៉ះពាល់តម្លៃ និងកិត្យានុភាព របស់អ្នកសារព័ត៌មានអាជីព និងធ្វើឱ្យសាធារណជន បាត់បង់ជំនឿលើអ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានទាំងមូល ។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំសូមផ្ដល់អនុសាសន៍មួយចំនួនដល់វេទិកានិពន្ធនាយក សារព័ត៌មានកម្ពុជា ធ្វើជាមូលដ្ឋានក្នុងការពិភាក្សា និងរៀបចំទិសដៅ សម្រាប់អនុវត្ត ដូចជា៖ ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាស និយមជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីរក្សាគុណតម្លៃ និងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន»។

សម្ដេចតេជោ បន្ដថា ត្រូវបណ្ដុះបណ្ដាលអ្នកសារព័ត៌មានទាំងផ្នែកវិជ្ជាជីវៈ និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីឱ្យអ្នកសារព័ត៌មានរបស់កម្ពុជា ដើរទាន់ការវិវត្ត នៃប្រព័ន្ធផ្សព្វផ្សាយទំនើបនាពេល បច្ចុប្បន្ន។ ពិសេស ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើជាភ្នាក់ងារចែកចាយព័ត៌មាន ក្លែងក្លាយបំពុលសង្គមដែលធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពចលាចល បាត់បង់សណ្ដាប់ធ្នាប់ សង្គម។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏ណែនាំដល់និពន្ធនាយកសារព័ត៌មាន ត្រូវបន្តផ្សព្វផ្សាយនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែសកម្មថែមទៀត និងណែនាំឱ្យប្រជាពលរដ្ឋបានទៅចាក់វ៉ាក់សាំងកូវីដ-១៩ បានគ្រប់ៗគ្នា៕

To Top