ភ្នំពេញ៖ ដើម្បីជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ(កម្ពុជា -វៀតណាម) សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់អនុសាសន៍ ឱ្យរាជធានីភ្នំពេញ និងក្រុងហូជីមិញ យកចិត្តទុកដាក់លើវិស័យទេសចរទាំងផ្លូវទឹក ផ្លូវគោក និងអាកាស។

ការផ្តល់អនុសាសន៍នេះ ធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាកា រងារជាមួយលោក ង្វៀន វ៉ាន់នេន(Nguyen Van Nen) សមាជិកការិយាល័យបក្ស និងលេខាបក្សក្រុងហូជីមិញ
នៅវិមាន សន្តិភាព នាសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ ។ នេះបើយោងតាមបណ្តាញសង្គម របស់សម្តេចតេជោ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ របស់សម្តេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ លោក ង្វៀន វ៉ាន់នេន បានជម្រាបសម្តេចតេជោ ហ៊ុន សែន លើកិច្ចសហប្រតិបត្តិការ និងលទ្ធផលការងារមួយចំនួន ដែលសម្រេចបានរវាងរាជធានីភ្នំពេញ និងក្រុងហូជីមិញ។ ការងារទាំងអស់នោះមានដូចជា កិច្ចសហប្រតិបត្តិការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ជំរុញការបើកទីក្រុង និងសេដ្ឋកិច្ចឡើងវិញ។ បន្ថែមពីលើនោះ រាជធានីភ្នំពេញ និងក្រុងហូជីមិញ ក៏បានធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យដទៃទៀត រួមមានវិស័យទេសចរណ៍ ការតភ្ជាប់មានហេដ្ឋារចនាសម្ព័ន្ធ ការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងយុវជនផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសាទរចំពោះ សមិទ្ធផលទាំងឡាយ កើតចេញពីកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងក្រុងហូជីមិញ។
សម្តេចតេជោ ហ៊ុន សែន ក៏ផ្តល់អនុសាសន៍ ឱ្យរាជធានីភ្នំពេញ និងក្រុងហូជីមិញ យកចិត្តទុកដាក់លើវិស័យទេសចរទាំងផ្លូវទឹក ផ្លូវគោក និងអាកាស។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមានការលើកកម្ពស់ ការធ្វើពាណិជ្ជកម្ម រវាងរាជធានីភ្នំពេញ និងក្រុងហូជីមិញ បន្ថែមទៀតផងដែរ៕



