ព័ត៌មានជាតិ

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៦ឆ្នាំ ថ្ងៃបង្កើតសារព័ត៌មានដើមអម្ពិល ១៩ ធ្នូ ២០០៦-១៩ ធ្នូ ២០២២

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានបង្ហាញនូវសេចក្ដី រីករាយដោយថ្ងៃនេះ (១៩ធ្នូ ឆ្នាំ២០០៦) កាលពី១៦ឆ្នាំមុន កាសែតដើមអម្ពិល ត្រូវបានបង្កើតឡើងចំពេល ដែលសារព័ត៌មានដំបូង របស់ខ្មែរឈ្មោះ ណាហ្គាវាតា (នគរវត្ត) ត្រូវបានបោះពុម្ពផ្សាយ ជាលើកដំបូង ក្នុងសម័យអាណានិគមបារាំង។

ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព បានផ្ញើរសារអរគុណដល់ លោក ខៀវ កូឡា ដែលជាអតីតទីប្រឹក្សាកាសែតដើមអម្ពិល ដែលបានខិតខំស្រាវជ្រាវ រកថ្ងៃដំបូងនៃការចេញផ្សាយកាសែតនេះ កាលពីខែធ្នូ ឆ្នាំ១៩៣៦។
ដើម្បីរំឭកគុណរៀមច្បង លោក សយ សុភាព បានយកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៦ គំរប់ខួប៧០ឆ្នាំ នៃកំណើតកាសែតខ្មែរ ចេញផ្សាយកាសែតដើមអម្ពិល។

ជាពិសេស លោក សយ សុភាព ក៏បានរំលឹកគោរពដឹងគុណនិងអរគុណ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ កាត់ខ្សែបូរ សម្ភោធការសែតដើមអម្ពិល ដែលបានប្រារព្ធធ្វើឡើង នៅសណ្ឋាគារសាន់វេ ខាងលិចវត្តភ្នំ។

បន្ថែមលើសពីនេះលោក សយ សុភាព ក៏មិនភ្លេចអរគុណ អតីតឯកអគ្គរដ្ឋទូតជប៉ុន លោក តាកាហាស៊ី ហ្វូមីអាគី និងឯកអគ្គរដ្ឋទូតអង់គ្លេស ដែលបានអញ្ជើញចូលរួម ផ្តល់កិត្តិយសនាពេលនោះផងដែរ។

លោកបន្តថា សូមអរគុណលោកបណ្ឌិត សាយ ប៊ូរី អតីតទីប្រឹក្សាព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក៏បានផ្តល់កិត្តយសផងដែរ។ អរគុណដល់អតីតសហសេវិក ដែលបានរួមដំណើរ នាពេលនោះ៕

To Top