ព័ត៌មានជាតិ

ក្រសួង​សុខាភិបាល ណែនាំពលរដ្ឋការពារ ការចម្លងវិរុសកូវីដ១៩ និងប្រុងប្រយ័ត្នសុខភាព អំឡុងពេលអាកាស ធាតុចុះត្រជាក់

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋការពារ ការចម្លងវិរុសកូវីដ-១៩ និងប្រុងប្រយ័ត្នការពារសុខភាព ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ ដើម្បីធ្វើយ៉ាងណាការពារ សុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ។

ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី បែបនេះបន្ទាប់ពីកម្ពុជា បានឈានចូលជាបណ្ដើរៗ ដល់ពេលវេលា ដែលអាកាសធាតុ ត្រជាក់នៃរដូវរងារបាន និងកំពុងមកដល់ ដូច្នេះដើម្បីការពារសុខភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារឲ្យបានល្អ និងចៀសផុតពីជំងឺ ដង្កាត់ដែលអាចកើតមាន ជាយថាហេតុបណ្តាលមក ពីអាកាសធាតុចុះត្រជាក់នេះ។

យោងតាមសេចក្ដីជូនដំណឹង របស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «សូមធ្វើការណែនាំដល់ ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជន ដែលរស់នៅក្នុងតំបន់ ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង នូវសារអប់រំសុខភាព និងការបង្ការសុខភាពសំខាន់ៗ ដូចជា ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែធ្នូ ដល់ខែមករានៃឆ្នាំ គឺភាគច្រើនមានដូចជា ជំងឺផ្លូវដង្ហើម ដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺ ផ្លូវដង្ហើមបណ្តាលមកពីវីរុស និង មេរោគស្ត្រីបតូកូក ដែលបង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្ដាសាយ ហូរសំបោរ រលាកបំពង់ក ក្អក និងរលាកក្រពះពោះវៀន ដោយពពួកវីរុស ជាដើម»។

លើសពីនេះ ក្រសួងសុខាភិបាល​ លើកទឹកចិត្តដល់បុគ្គលម្នាក់ៗ អនុវត្តធ្វើតេស្តរហ័សដោយខ្លួនឯងក្នុងករណីដែល មានរោគសញ្ញាណាមួយដែលសង្ស័យ ដើម្បីចៀសវាងការចម្លងទៅកាន់បុគ្គលដទៃទៀត ដែលអាចបង្ក ឱ្យមានការចម្លងទ្រង់ទ្រាយធំនៅក្នុងសហគមន៍។ ប្រសិនបើមានលទ្ធផលវិជ្ជមាន ត្រូវនៅដាច់ពីក្រុមគ្រួសារ ថែទាំ និងព្យាបាលដោយខ្លួនឯង នៅផ្ទះក្នុង ករណីស្រាល តែបើមានរោគសញ្ញាវិវត្តន៍ ទៅធ្ងន់ធ្ងរត្រូវទៅស្វែង រកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋឱ្យបានឆាប់។

ជាងនេះទៅទៀត ប្រសិនបើប្រជាពលរដ្ឋ មានបញ្ហាសុខភាព ឬការឆ្លងជំងឺដទៃទៀត សូមប្រញាប់ទៅស្វែងរកការពិនិត្យ ពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះរបស់លោកអ្នក៕

To Top