កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា គ្មានការដែលទុកបងប្អូនជនពិការឲ្យនៅដោយឡែក និងគ្មានទេការរើសអើង ចំពោះបងប្អូនជនពិការ ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅសាលាស្រុកកំពង់សៀម នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២ ខណៈអញ្ជើញជាអធិបតី ក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី ២៤ និងអន្តរជាតិលើកទី ៤០ ក្រោមប្រធានបទ« ពិការភាពទាំងអស់មិនអាចកំណត់ ដោយការមើលនឹងភ្នែកនោះទេ » ។
បន្ទាប់ពីអានសារលិខិតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនជនពិការ នៅក្នុងទិវានេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍លើកទឹកចិត្ត ដល់បងប្អូនជនពិការទាំងអស់ថា សូមឱ្យពិការតែរាងកាយ កុំឲ្យពិការផ្លូវចិត្ត និងកុំបណ្តែតបណ្តោយ ធ្វើឲ្យភាពពិការនោះធ្លាក់ចុះដុនដាប រហូតដល់ធ្វើអ្វីលែងកើត ក្នុងការរកចំណូលមកដោះស្រាយ ជីវភាពក្នុងគ្រួសារ ។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ គឺបានដាក់ចេញនូវកម្មវិធីនយោបាយ ដើម្បីលើកកម្ពស់កម្រិតជីវភាព របស់ជនមានពិការភាពច្រើនណាស់ ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូន មានសមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីចូលរួម គ្រប់សកម្មភាពការងារនៅក្នុងសង្គម ទាំងការងាររដ្ឋនិងការងារឯកជន ។ ដូច្នេះត្រូវរួមគ្នាដើម្បីពង្រឹងខ្លួនយើង ពីព្រោះគ្មានទេការរើសអើងជនពិការ និងគ្មានទេការទុកជនពិការឲ្យនៅដោយឡែក ឬមិនបានយកមកដោះស្រាយ ។
ក្នុងឱកាសនោះដែរ លោក ឃុត សារ៉ាន តំណាងឲ្យបងប្អូនជនពិការក្នុងស្រុកកំពង់សៀម បានមានចំណាប់អារម្មណ៍ថា ក្នុងនាមជាជនមានពិការភាពជាមួយ និងបងប្អូនដែលមានពិការភាព ទូទាំងស្រុក ទទួលបាននូវគុណសណ្ដោសប្រណីដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយរដ្ឋមន្រ្តី និងទប់ស្កាត់ការរើសអើង មកលើជនមានពិការភាព និងគ្រប់បញ្ហាដែលទាក់ទិន រាល់ទម្រង់នៃការងារ រួមទាំងលក្ខខណ្ឌនៃការជ្រើសរើសផងដែរ ។
លោកបន្តថា រូបលោក និងជនមានពិការភាពដទៃទៀត ដែលមានសមត្ថភាព និងមានឱកាសបានចូល បម្រើការងារនៅតាមក្រសួង ស្ថាប័ន និងវិស័យឯកជន ដើម្បីរួមអភិឌ្ឍន៍សង្គម ។ ក្នុងនោះខេត្តកំពង់ចាមរបស់យើង គឺមានភ័ព្វសំណាងដែលមានថ្នាក់ដឹកនាំដ៏ល្អ គឺ លោក អ៊ុន ចាន់ដា អភិបាលខេត្ត តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ដល់ជនមានពិការភាពគ្រប់ប្រភេទ ព្រមទាំងបានផ្តល់នូវគ្រឿងឧបភោគ បរិភោគ ថវិកា និងបានដោះស្រាយរាល់បញ្ហាជាច្រើន ចំពោះទុក្ខកង្វល់របស់បងប្អូនមានពិការភាពផងដែរ ៕