ព័ត៌មានជាតិ

វីតាល់ បន្តសហការ រៀបចំកម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំ របស់សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល

ភ្នំពេញ ៖ ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល សហការ ជាមួយក្រុមហ៊ុនទឹកពិសា វីតាល់ និងមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ព្រមទាំងដៃគូជាច្រើនទៀតរួមមាន កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសុខាភិបាល បានរៀបចំកម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា” នៅបរិវេណទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។ កម្មវិធីនេះជាកម្មវិធីលើកទី១៥ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលរៀបចំឡើង ក្នុងគោលបំណងបំផុស ចលនាស្ម័គ្រចិត្ត ផ្តល់អំណោយឈាម ដើម្បីចូលរួមចំណែកបំពេញតម្រូវស្តុកឈាម ដល់អ្នកជំងឺកំពុងត្រូវការឈាម ជាចាំបាច់នៅតាមមន្ទីរពេទ្យនានា។

កម្មវិធីប្រព្រឹត្ត ទៅក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកល វិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សា ក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល លោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី (វីតាល់) លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, និងវត្តមាន លោក លោកស្រី ថ្នាក់ដឹកនាំ តំណាងដៃគូព្រមទាំង សាស្រ្តាចារ្យ-បុគ្គលិក និងនិស្សិតអ្នកស្ម័គ្រចិត្ត ផ្តល់អំណោយឈាម ប្រមាណជាង៣០០នាក់ ។

លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានរំលឹកពីអនុស្សាវរីយ៍ វីតាល់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយចាប់តាំងពីឆ្នាំ២០១៣ វីតាល់ បានក្លាយជាដៃគូយុទ្ធសាស្រ្ត របស់សាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល ក្នុងការចូលរួមឧបត្ថម្ភទាំងស្រុង សម្រាប់ការរៀបចំ កម្មវិធីទទួលយកអំណោយឈាម ជារៀងរាល់ឆ្នាំ ពីសប្បុរសជន ។ លោកជំទាវ បានបន្ថែមថា វីតាល់ បានកំណត់ អាទិភាព ការងាររបស់ខ្លួន មិនត្រឹមតែផ្តល់ជូននូវទឹកពិសាដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងអនាម័យ ប៉ុណ្ណោះទេ ការចូលរួមសកម្មភាពសង្គម គឺជាកិច្ចការ មួយទៀត ដែលវីតាល់ បានចាត់ទុកជាអាទិភាពផងដែរ ។ តួយ៉ាងដូចអ្វី ដែលបានកំពុងរៀបចំនាពេលនេះ គឺកើតឡើងបាន ក៏ដោយសារមានការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផល វីតាល់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកកម្ម ក្នុងការកាត់ប្រាក់ចំណេញ ២៥៛ ពីវីតាល់ ក្នុង១ដប បង្វិលចូលមូលនិធិ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាព សប្បុរសធម៌ និងការងារសង្គមនានា ។ បូរេប្រទាននេះ បានជំរុញទឹកចិត្តឱ្យ វីតាល់ បន្តចូលរួមឧបត្ថម្ភ គាំទ្រដល់ការបង្កើតឲ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងកម្មវិធីផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ដ និងក្តីសប្បុរស ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ កោតសសើរដល់ ទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លារបស់និស្សិត សាស្រ្តាចារ្យ និងអ្នកស្ម័គ្រចិត្ត ផ្តល់អំណោយឈាមទាំងឡាយ ដែលមានសណ្តានចិត្តសប្បុរស ក្នុងការបរិច្ចាគឈាម ជាទៀងទាត់ ដែលទង្វើនេះ បានបង្ហាញយ៉ាង ច្បាស់នូវឆន្ទៈ សាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ដែលគប្បីបន្តអនុវត្តឲ្យកាន់តែច្រើន ក្នុងសង្គមខ្មែរយើង ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែង អំណរគុណ ចំពោះក្រុមហ៊ុនវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរស គ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់ ។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា ដោយស្ថានភាពនៃសង្គម មានសភាពវិលត្រឡប់ មកកាន់ប្រក្រតីភាពវិញ គួបផ្សំជាមួយយុទ្ធសាស្រ្ត ចាក់វ៉ាក់សាំងរបស់ប្រមុខ រាជរដ្ឋាភិបាល សាកលវិទ្យាល័យ បានធ្វើការសម្រេចចិត្តប្រកប ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំឲ្យមានឡើងវិញ នូវការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ-បុគ្គលិក និងនិស្សិត នៅបរិវេណសាកលវិទ្យាល័យស្រប តាមគន្លងប្រក្រតីភាពថ្មី ។ បន្ថែមពីនេះ លោកសូមកោតសសើរ និងថ្លែងអំណរគុណដល់វីតាល់ ដែលតែងតែនៅជាមួយសាកលវិទ្យាល័យ ចូលរួមឧបត្ថម្ភ គាំទ្រទាំងស្រុងដល់ដំណើរការរៀបចំតាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា នៃក្រសួងសុខាភិបាល មន្ត្រីរាជការ បុគ្គលិកទាំងអស់ យើងពិតជាមានកិត្តិយសក្រៃលែងដោយបានរួមសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងក្រុមហ៊ុនវីតាល់ ក្នុងការលើកកម្ពស់ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ព្រមជាមួយគោលបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ឈាម មានសុវត្ថិភាពក្នុងបរិមាណ គ្រប់គ្រាន់ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិត ជនរងគ្រោះអ្នកជំងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត។

គួរបញ្ចាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមការឧបត្ថម្ភ គាំទ្រដោយវីតាល់ រយៈពេល១ថ្ងៃនេះ ទទួលបានអ្នកស្ម័គ្រចិត្ត ផ្តល់អំណោយឈាមប្រមាណជិត៣០០នាក់ ។ វីតាល់ ដែលមានមូលនិធិ២៥៛ បានបន្តរក្សានូវមូលដ្ឋាន នៃការឧបត្ថម្ភ គាំទ្រក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាម ដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័ន៕

To Top