ព័ត៌មានជាតិ

យុទ្ធនាការបញ្ឈប់ ការជួញដូរសាច់ឆ្កែ និងឆ្មារបស់អង្គការ FOUR PAWS បានរៀបចំកិច្ចប្រជុំថ្នាក់ជាតិ ជាមួយភាគីពាក់ព័ន្ធ នៅប្រទេសវៀតណាម

វៀតណាម ៖ នាថ្ងៃទី៨ ខែធ្នូ នាពេលកន្លងទៅនេះ យុទ្ធនាការបញ្ឈប់ ការជួញដូរសាច់ឆ្កែ និងឆ្មា (DCMT) រៀបចំដោយអង្គការ FOUR PAWS ដែលអង្គការអន្តរជាតិ ផ្នែកសុខុមាលភាពសត្វ ពិភពលោក បានរៀបចំកិច្ចប្រជុំថ្នាក់ជាតិ ជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីផលប៉ះពាល់ នៃការជួញ ដូរសាច់ឆ្កែ និងឆ្មានៅក្នុងប្រទេសវៀតណាម ចំពោះសុខភាពសាធារណៈ សុខុមាលភាពសត្វ និងវិស័យទេសចរណ៍ នៅក្នុងប្រទេស ។

នៅក្នុងសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាង វិទ្យាស្ថានជាតិ អនាម័យ និងរោគរាតត្បាត នៃប្រទេសវៀតណាម អគ្គនាយកដ្ឋានថ្នាំបង្ការ នៃក្រសួងសុខាភិបាល គណៈកម្មាធិការប្រជាជន ទីក្រុងហួយអាន អនុនាយកដ្ឋានបសុព្យាបាល និង បសុព្យាបាលខេត្ត Ha Tinh គណៈប្រតិភូសហគមន៍ អឺរ៉ុប ប្រចាំនៅវៀតណាម បណ្តាញសាកលវិទ្យាល័យសុខភាព របស់វៀតណាម (VOHUN) មូលនិធិសត្វអាស៊ី មូលនិធិ Soi Dog និងភាគីពាក់ ព័ន្ធផ្សេងទៀត ។

វាគ្មិនសំខាន់ៗ ក្នុងកិច្ចប្រជុំ រួមមានសាស្រ្តាចារ្យ Dau Ngoc Hao ដែលមកពីសមាគមពេទ្យសត្វវៀតណាម សាស្ត្រាចារ្យ Su Thanh Long សាស្ត្រាចារ្យ Bui Khanh Linh មកពីសាកលវិទ្យាល័យកសិកម្មជាតិវៀតណាម បណ្ឌិត Nguyen Manh Ha មកពីមជ្ឈមណ្ឌលអភិរក្ស និងអភិវឌ្ឍន៍ធម្មជាតិ ព្រមទាំងក្រុមហ៊ុនទេសចរណ៍ Abercrombie និង Kent Luxury និង EXO និងសារព័ត៌មានក្នុងស្រុក ជាច្រើនផងដែរ ។
បទបង្ហាញ ផ្តោតសំខាន់ លើប្រធានបទផលប៉ះពាល់ សុខភាពសាធារណៈ និងទេសចរណ៍ ដែលកើតចេញពីការជួញ ដូរសាច់ឆ្កែ និងឆ្មា និងការកិច្ច ខិតខំប្រឹងប្រែង ក្នុងតំបន់ និងប្រទេសក្នុងប្រឆាំងនឹងការជួញដូរសាច់ឆ្កែ និងឆ្មា ។ ខ្លឹមសារនៃកិច្ចប្រជុំនេះ រួមមានព័ត៌មានសំខាន់ៗ ដែលជាគំនិត ផ្តួចផ្តើមរួមគ្នា រវាងគណៈកម្មាធិការប្រជាជន ទីក្រុងហួយអាន និងអង្គការ FOUR PAWS ដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មាចេញពីទីក្រុងនេះ។

កិច្ចពិភាក្សា ត្រូវបានធ្វើឡើង ក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីទិដ្ឋភាពផ្សេងៗ នៃការជួញដូរ និងស្នើដំណោះស្រាយផ្សេងៗ ដែលប្រទេស វៀតណាម គួរតែចាត់វិធានការ ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗដែលបង្កឡើងដោយការជួញដូរទាំងនេះចំពោះប្រជាជនរបស់ខ្លួន ។ ជាពិសេស ចំណុចសំខាន់ ក្នុងការពិភាក្សា នោះគឺមានការព្រមព្រៀងគ្នាក្នុងចំណោមអ្នកចូលរួមជាច្រើន រួមទាំងអ្នកជំនាញក្នុងវិស័យនេះថា ការលុបបំបាត់ ជំងឺឆ្កែឆ្កួតនឹងមានការលំបាកខ្លាំងណាស់ ប្រសិនបើមិនមានវិធានការលុបបំបាត់ ការជួញដូរសាច់ឆ្កែ និងឆ្មានេះទេ ។

ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម រួមមានរដ្ឋាភិបាលវៀតណាម បានធ្វើការរួមគ្នា ដើម្បីវាយតម្លៃពីហានិភ័យនៃការជួញដូរសាច់ឆ្កែ និងឆ្មា និងហានិភ័យសុខភាព សាធារណៈ ដែលពាក់ព័ន្ធ ហើយក៏មានការស្នើឱ្យអនុវត្តដំណោះស្រាយរយៈពេលខ្លី និងសកម្មភាព គោលនយោបាយ ដែលត្រូវចាត់វិធានការ ដើម្បីដោះស្រាយហានិភ័យទាំងនេះ ។ អ្នកចូលរួម ក៏បានកោតសរសើរ ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង របស់អាជ្ញាធរ ទីក្រុងហួយអាន និងទីក្រុងហាណូយ ដើម្បីដោះស្រាយហានិភ័យ នៃការជួញដូរ និងបានផ្តល់អនុសាសន៍ សកម្មភាពស្រដៀងគ្នានេះ នៅក្នុងទីក្រុង និងខេត្តផ្សេងៗទៀត នៃប្រទេសវៀតណាម។

វេជ្ជបណ្ឌិត Karan Kukreja ប្រធានយុទ្ធនាការ នៃការបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅតំបន់អាស៊ីអាគ្នេយ៍ (សត្វចិញ្ចឹម) ពីអង្គការ FOUR PAWS អន្តរជាតិ បាននិយាយថា “យើងពិតជាមានកិត្តិយស ក្នុងការរៀបចំកិច្ចប្រជុំមួយនេះ ដែលនេះជាលើកដំបូង ហើយនៅក្នុងប្រទេសវៀតណាម ដើម្បីពិភាក្សាអំពីទស្សនៈទាក់ទងនឹងការជួញដូរសាច់ឆ្កែ និងឆ្មា។ បទបង្ហាញ និងកិច្ចពិភាក្សានេះច្បាស់ណាស់ គឺត្រូវបានរៀបចំ ឡើង ដើម្បីជំរុញ និងប្រមូលការគាំទ្រ ប្រឆាំងនឹងការជួញដូរសាច់សត្វឆ្កែ និងសត្វឆ្មា ។ ជាមួយគ្នានេះ យើងក៏កំពុងតែធ្វើយុទ្ធនាការនេះ ដើម្បីបញ្ឈប់ការជួញ ដូរសាច់ឆ្កែនៅកម្ពុជា ហើយយើងក៏កំពុងមើលឃើញការផ្លាស់ប្តូរ នៅទីនោះផងដែរ ។ ជាក់ស្ដែង អាជ្ញាធរខេត្តសៀមរាប បានហាមឃាត់ការជួញដូរសាច់ឆ្កែ តាំងពីពាក់កណ្តាលឆ្នាំ ២០២២ មកម្ល៉េះ ហើយបានអនុវត្តច្បាប់ និងរឹបអូសការដឹកជញ្ជូន សាច់ឆ្កែនៅឆ្នាំ២០២១ និងការដឹកជញ្ជូនសាច់ឆ្កែ ដ៏ធំមួយនៅ ឆ្នាំ២០២២ ។ ដូចគ្នាទៅនឹងជនជាតិ វៀតណាមដែរ ប្រជាជនកម្ពុជា ក៏ចង់បានវិធានការច្បាប់ ប្រឆាំង នឹងអំពើឃោរឃៅ នៃការជួញ ដូរនេះ នៅក្នុងប្រទេស របស់ពួកគេផងដែរ ។ លើសពីនេះ ប្រជាជនកម្ពុជា រាប់ម៉ឺននាក់ បានបង្ហាញការប្រឆាំង នឹងការជួញដូរនេះ តាមរយៈការចុះហត្ថលេខាលើ ញត្តិគាំទ្ររបស់យើង ហើយក្រុមហ៊ុន ទេសចរណ៍ជាច្រើន ក៏បានចូលរួមជាមួយយើង ដើម្បីស្នើសុំឱ្យមាន ការបញ្ឈប់ ការជួញដូរទាំងនេះផងដែរ ។ យើងពិត ជារីករាយខ្លាំងណាស់ ដែលបានទទួលបានផលវិជ្ជមាន ជាច្រើនពីយុទ្ធនាការទាំងនេះ ប៉ុន្តែអ្វីដែលយើងត្រូវ ការជាចុងក្រោយ នោះគឺការ ហាមឃាត់ទូទាំង ប្រទេសលើការជួញដូរសាច់ឆ្កែ និងឆ្មា ទាំងនៅក្នុងប្រទេសកម្ពុជា និងវៀតណាមជាបន្តទៀត ។”
“ដូចដែលយើងបានឃើញ ក្នុងបទបង្ហាញនៃការជួញដូរសាច់ឆ្កែ និងឆ្មា បានបង្ហាញពីហានិភ័យផ្សេងៗ ដូចជាហានិភ័យជំងឺឆ្កែឆ្កួតដោយផ្ទាល់ និងដោយប្រយោល ហានិភ័យ នៃជំងឺរាតត្បាតផ្សេងៗ កើតចេញពីការជួញដូរទាំងនេះ ដែលវាជាកត្តាមួយដល់ការកើតឡើង នៃមេរោគថ្មីៗ។ វាដល់ពេល សម្រាប់ធ្វើសកម្មភាពប្រឆាំងនឹងការជួញដូរនេះ អង្គការ FOUR PAWS និងដៃគូរបស់ខ្លួនកំពុងតែត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់ផលប្រយោជន៍សុខភាពសាធារណៈ និងសុខុមាលភាពសត្វ។”

លោក ប៊ន ប៊ុនឈាង ទីប្រឹក្សាយុទ្ធនាការ នៅតំបន់អាស៊ីអាគ្នេយ៍ពីអង្គការ FOUR PAWS បានបន្ថែមទៀតថា “យើងទទួលបានសារ ជាប្រចាំពី ប្រជាជនកម្ពុជា ដែលបានស្នើសុំឱ្យមានការចាត់វិធានការ ប្រឆាំងនឹងការជួញ ដូរសាច់សត្វទាំងនេះ ។ សាធារណជន បានទាក់ទងមកកាន់យើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយជូនដំណឹងអំពីសកម្មភាព ការជួញដូរសាច់ឆ្កែ និងឆ្មា និងស្នើសុំឱ្យយើង ធ្វើការងារនេះជាមួយរាជរដ្ឋាភិបាល ដើម្បីហាមឃាត់នូវការជួញដូរទាំងនេះ ជារៀងរហូត និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ យោងតាមការស្រាវជ្រាវអង្គការ FOUR PAWS ក្នុងឆ្នាំ២០២២ មានតែប្រជាពលរដ្ឋ ១២% ប៉ុណ្ណោះ នៃប្រជាជនកម្ពុជា ដែលបរិភោគសាច់ឆ្កែជាទៀងទាត់ ហើយការស្រាវជ្រាវ នៅឆ្នាំ២០២១ បានបង្ហាញថា ៩០% នឹងគាំទ្រ ការហាម ឃាត់លើការជួញដូរនេះ ។ សំឡេងប្រឆាំងនឹងការជួញដូរនេះ កំពុងកើនឡើងជាបន្តបន្ទាប់នៅ ទូទាំងប្រទេសកម្ពុជា។ ការជួញដូរ សាច់ឆ្កែ និងឆ្មា ផ្តល់ផលប្រយោជន៍តិចតួចណាស់ ផ្ទុយទៅវិញ វាបង្កហានិភ័យដល់ សុខភាពសាធារណៈ និងវិស័យទេសចរណ៍។ យើងសូមកោតសរសើរ ចំពោះអាជ្ញាធរខេត្តសៀមរាប ចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រប្រឆាំងនឹងការជួញដូរនេះ និងធ្វើជាគំរូសម្រាប់ខេត្តផ្សេងទៀត ក្នុងប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថា តាមរយៈការធ្វើរួមការងារ ជាមួយរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍មូលដ្ឋាន យើងអាចបញ្ឈប់ការ ជួញដូរសាច់ឆ្កែនេះបាន ។ សកម្មភាពជាច្រើនទៀត នឹងត្រូវបានបន្តអនុវត្ត ដើម្បីប្រឆាំងនឹងការជួញដូរនេះនៅកម្ពុជា និងវៀតណាម ។”

លោក Robert Rankin នាយកប្រចាំប្រទេស នៃក្រុមហ៊ុន Abercrombie និង Kent បានសង្កត់ធ្ងន់ថា “អ្នកទេសចរណ៍ មិនចូលចិត្តភាពឃោរឃៅ ចំពោះសត្វនោះទេ ហើយជាពិសេសពួកគេ ក៏មិនចូលចិត្តការជួញ ដូរសាច់ឆ្កែ និងឆ្មានេះដែរ ។ ការជួញដូរសាច់ឆ្កែ និងឆ្មា គឺជាសកម្មភាពដែលបង្ហាញ ឱ្យឃើញនៅ ក្នុងការរីករាលដាល នៃជំងឺ ដែលធ្វើឱ្យយើងកាន់តែពិបាក សម្រាប់យើងក្នុង នាមជាប្រតិបត្តិការ ទេសចរណ៍ក្នុងការលើកកម្ពស់ប្រទេស វៀតណាមជាគោលដៅ ទេសចរណ៍ ប្រកបដោយសុវត្ថិភាព អរិយធម៌ ការស្វាគមន៍ និងទំនើប។ ក្រុមហ៊ុន Abercrombie និង Kent ប្រចាំប្រទេស វៀតណាម គាំទ្រនូវការហាមឃាត់ ការជួញដូរសាច់ឆ្កែ និងឆ្មា រួមជាមួយនឹងប្រតិបត្តិករ ទេសចរណ៍ជាច្រើន ដែលបានចុះហត្ថលេខាលើការសន្យា របស់អង្គការ FOUR PAWS ដែលគាំទ្រដល់ការបញ្ឈប់ការជួញ ដូរសាច់សត្វទាំងនេះ។”

លោកសាស្រ្តាចារ្យ Dau Ngoc Hao ក៏បានធ្វើអត្ថាធិប្បាយផងដែរថា “ដោយការពិចារណាលើព័ត៌មាន ដែលយើងបានឃើញ ការជួញដូរសាច់ឆ្កែ និងឆ្មាបង្កហានិភ័យជាច្រើន និងមានអត្ថប្រយោជន៍តិចតួច ។ ការខិតខំប្រឹងប្រែង ត្រូវតែធ្វើឡើងដើម្បីសិក្សា និងដោះស្រាយបញ្ហានៃការជួញដូរសាច់ឆ្កែ និងឆ្មា។ កិច្ចប្រជុំថ្ងៃនេះ គឺជាជំហានឆ្ពោះទៅមុខដ៏អស្ចារ្យ ប៉ុន្តែវាមានសារៈសំខាន់ដែលយើងទាំងអស់គ្នា ត្រូវធ្វើការរួមគ្នាដើម្បីការពារប្រជាជនវៀតណាម និងសុខភាពសាធារណៈ ក៏ដូចជាសហគមន៍អន្តរជាតិ ពីហានិភ័យសុខភាព នៃពាណិជ្ជកម្ម ។”

អង្គការ FOUR PAWS នឹងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធក្នុងវិស័យនេះបន្ថែមទៀត ដើម្បីដោះស្រាយហានិភ័យ នៃការជួញដូរសាច់ឆ្កែ និងឆ្មានៅក្នុង ប្រទេសកម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី ។ ដើម្បីគាំទ្រយុទ្ធនាការរបស់យើង សូមចុះឈ្មោះនៅតំណភ្ជាប់ នេះ ៖ http://bit.ly/MI_EndDCMT_KH_CPC57
FOUR PAWS ធ្វើការនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី ជាមួយអាជ្ញាធរថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន ដៃគូសហការ និងអ្នកពាក់ព័ន្ធផ្សេងទៀត សម្រាប់ការបញ្ឈប់ជារៀងរហូត នៃការជួញដូរសាច់ឆ្កែ និងឆ្មា។ សម្រាប់ព័ត៌មានបន្ថែមអំពីការងាររបស់យើង សូមចូលទៅកាន់៖ https://dogcatmeat.kh.four-paws.org/
ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីការងាររបស់យើង សូមតាមដាន៖ https://www.facebook.com/fourpaws.kh/

To Top