ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអំពាវនាវ ដល់ម្ចាស់រថយន្ដ ត្រូវត្រួតពិនិត្យ លក្ខណៈបច្ចេកទេស (ឆៀក) ឱ្យបានទៀងទាត់ ខណៈរថយន្ដចំនួន ១៧០ពាន់គ្រឿង ហួសសុពលភាពឆៀក។
ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តឱ្យបានទៀងទាត់ ទៅតាមការកំណត់ គឺពិតជាមានសារៈសំខាន់ជាខ្លាំង ពីព្រោះវាធានាបាន នូវការផ្តល់សុវត្ថិភាព ដល់យានយន្តពេលធ្វើចរាចរណ៍ នៅលើដងផ្លូវ ពិសេសគឺ ចូលរួមចំណែក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយកត្តា យានយន្តយន្ត ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន (ការបញ្ចេញឧស្ម័ន ពីយានយន្តដែលមិនស្រប តាមកម្រិតកំណត់ គឺបង្កឱ្យមានសារធាតុ បំពុលទៅក្នុងបរិយាកាស និងប៉ះពាល់ដល់ស្រទាប់អូហ្សូន) ។
លោក ក៏បានគូសបញ្ជាក់អំពីចំនួន យានយន្តដែលហួស សុពលភាពឆៀក ក្នុងនោះមានចំនួន ប្រមាណជាង ១៧០ពាន់គ្រឿង ក្នុងចំណោមយានយន្ត ដែលបានចុះបញ្ជីសរុបជាង ១លានគ្រឿង នៅទូទាំងប្រទេស។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «សូមអំពាវនាវ ទៅកាន់ បងប្អូនប្រជាពលរដ្ឋ សូមយកយានយន្ត មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តឱ្យបានទៀង ទាត់ ជៀសវាងទទួលរងនូវការផាក ពិន័យដោយសារហួសសុពលភាព និងដើម្បីចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន ដូចបានរៀបរាប់ពីខាងដើម»។
លោក បន្ដថា ដើម្បីបញ្ចៀសនូវការរង់ចាំ និងកកស្ទះនៅមណ្ឌលឆៀក ប្រជាពលរដ្ឋក៏អាចដាក់ពាក្យ តាមប្រព័ន្ធអនឡាញ (Online) ដើម្បីណាត់ពេលវេលាក្នុង ការយានយន្តមកត្រួតពិនិត្យ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម៖ https://techinspection.mpwt.gov.kh ផងដែរ»៕