ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអបអរសាទរ ដល់ក្រុមជម្រើសជាតិកម្ពុជារកបាន ៣ពិន្ទុពេញ ក្នុងការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២០ ធ្នូ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អបអរសាទរ ក្រុមជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុពេញ ពីការប្រកួតបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A ក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-២ មុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ជូនពរកីឡាករជាតិកម្ពុជា ទទួលបាននូវភាពជោគជ័យ ជាបន្តបន្ទាប់ទៀត។
សូមរំលឹកថា ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីតតាំងជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ។ បន្ទាប់មកទើបកម្ពុជា ត្រូវបើកទ្វារផ្ទះជាថ្មី ទទួលក្រុមជម្រើសជាតិព្រុយណេវិញ នាថ្ងៃទី២៩ ខែធ្នូ មុនការប្រកួតបញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ ៕


