នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានចំណងជើងថា «មោទនភាពជាតិដ៍ធំធេងរបស់ប្រជាជាតិខ្មែរក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន» ជាមួយនឹងការរំលេចអំពីបេសកកម្មរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅទ្វីបអឺរ៉ុប ដែលបានបិទបញ្ចប់ហើយនោះ ថា បាននាំមកនូវជោគជ័យយ៉ាងធំធេងជូនដល់ជាតិមាតុភូមិកម្ពុជា។ ក៏ដូចជារៀងរាល់ការបំពេញទស្សនកិច្ចនៅក្រៅប្រទេសកាលពីលើកមុនៗដែរ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន តែងតែនាំមកនូវផលប្រយោជន៍ដ៍ធំធេងជូនជាតិមាតុភូមិជានិច្ច។ ប៉ុន្តែ បេសកកម្មនៅទ្វីបអឺរ៉ុបលើកនេះ ពិតជាបានធ្វើឲ្យកិត្យានុភាពជាតិកម្ពុជាលេចធ្លោឡើងលើឆាកអន្តរជាតិដ៏គួរឲ្យស្ញប់ស្ញែងបំផុត។
ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២២ និងក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននាំប្រយោជន៍ប្រកបដោយមោទនភាពជូនដល់អាស៊ានផង និងជូនដល់កម្ពុជាផង។ ក្នុងក្របខណ្ឌអាស៊ាន សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជន ដ៏សំខាន់ម្នាក់ក្នុងការនាំមកនូវប្រយោជន៍សម្រាប់តំបន់ទាំងមូលតាមរយៈការពង្រឹងភាពជាដៃគូរវាងអាស៊ាននិងសហភាពអឺរ៉ុបក៏ដូចជាអាស៊ាននិងសហរដ្ឋអាមេរិក និងអាស៊ាននិងចិន ព្រមទាំងអាស៊ានជាមួយដៃគូផ្សេងទៀតជាច្រើន។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកនយោបាយជើងចាស់ដែលពោរពេញទៅដោយបទពិសោធន៍យ៉ាងក្រាសក្រែលត្រូវបានមេដឹកនាំសហភាពអឺរ៉ុបជាពិសេស ប្រធានាធិបតីបារាំងចាត់ទុកជាឥស្សរជនដ៍សំខាន់
មួយរូបក្នុងការដើរតួនាទីសម្របសម្រួលដោះស្រាយវិបត្តិសង្គ្រាម នៅអ៊ុយក្រែន ដែលជាវិបត្តិដ៏អាក្រក់បំផុតប្រចាំសតវត្សរ៍។ គោលនយោបាយសាងមិត្តគ្រប់ទិសទី ជាពិសេស ការកសាងមិត្តជាមួយមហាអំណាចធំៗ ទាំងចិន ទាំងសហរដ្ឋអាមេរិកនិងទាំងសហភាពអឺរ៉ុបបានធ្វើឲ្យកម្ពុជាមានតម្លៃនិងត្រូវបានគេសំឡឹងឃើញថា អាចដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
អ្វីដែលជាព្រឹត្តិការណ៍ដ៍លេចធ្លោបំផុតក្នុងបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ទ្វីបអឺរ៉ុបពេលនេះគឺ ការទទួលស្វាគមន៍យ៉ាងអធិកអធមក្រៃលែងពីសំណាក់ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង ជូនប្រមុខដឹកនាំកម្ពុជាប្រកប ដោយកិត្តិយសដ៏ធំធេងបំផុត។ ប្រមុខរដ្ឋបារាំងបានសម្តែងនូវភាពស្និទ្ធស្នាលរាក់ទាក់យ៉ាងខ្លាំងជាមួយសម្តេចតេជោ ហ៊ុន សែន នៅឯវិមានប្រធានាធិបតី អេលីហ្សេ។
ភាពស្និទ្ធស្នាលនិងការផ្តល់កិត្តិយសបែបពិសេសជូនសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាពិតជាបានបង្ហាញឲ្យឃើញថា បារាំងបានយកចិត្តទុកដាក់និងផ្តល់តម្លៃដល់កម្ពុជា ជាពិសេសផ្តល់តម្លៃដល់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាមេដឹកនាំដ៏មាន បទពិសោធខ្ពង់ខ្ពស់ម្នាក់ដែលពិភពលោកទទួលស្គាល់និងផ្តល់ការគោរពរាប់អាន។
តម្លៃរបស់ប្រមុខដឹកនាំកម្ពុជា ក៏ដូចជាតម្លៃរបស់ប្រជាជាតិខ្មែរទាំងមូលបានលេចត្រដែតឡើងតាមរយៈសមត្ថភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានភាពប៉ិនប្រសប់ក្នុងការចាត់ចែង បញ្ជា និងដឹកនាំក្នុងពេលកើតមានវិបត្តិសាកលធំៗដូចជា វិបត្តិជំងឺកូវីដ ១៩, វិបត្តិគ្រោះមហន្តរាយធម្មជាតិ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនជាដើម។
ប្រជាពលរដ្ឋខ្មែរគ្រប់គ្នាពិតជាមានមោទនភាពនិងកោតស្ញប់ស្ញែងចំពោះកិត្តិយសដែលប្រមុខដឹកនាំរបស់ខ្លួនបាននាំមកជូនជាតិនិងប្រជាជន ក៏ដូចជាជូនដល់សហគមន៍តំបន់ទាំងមូល។ កិត្យានុភាពជាតិកម្ពុជាដែលលេចត្រដែតនៅលើឆាកអន្តរជាតិបែបនេះគឺជារឿងកម្រណាស់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។
សូមទស្សនាវីដេអូ៖