ភ្នំពេញ ៖ ធនាគារពិភពលោក អនុម័តផ្ដល់ហិរញ្ញប្បទានថ្មីចំនួន ២៧៤លានដុល្លារថែមទៀត សម្រាប់ប្រតិបត្តិការ គោលនយោបាយកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍ភាពធន់របស់កម្ពុជា បន្ទាប់ពីរងការប៉ះទង្គិចពីវិបត្តិនាពេលថ្មីៗ។
យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ធនាគារពិភពលោក នាពេលថ្មីៗនេះ បានឱ្យដឹងថា «ហិរញ្ញប្បទានដែលទើបនឹងត្រូវ បានក្រុមប្រឹក្សា នាយកប្រតិបត្តិរបស់ធនាគារ ពិភពលោកអនុម័តរួច នឹងជួយដល់កំណែ ទម្រង់សម្រាប់ ជំរុញកំណើន និងពង្រឹងភាព ធន់របស់កម្ពុជា»។
ធនាគារពិភពលោក បានបន្ដថា សេដ្ឋកិច្ចរបស់កម្ពុជា បានរងការខូចខាតធ្ងន់ធ្ងរ ពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩ ដោយធ្វើឲ្យផលិតផល ក្នុងស្រុកសរុបបានធ្លាក់ចុះដក ៣.១ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះ ដ៏ខ្លាំងលើកដំបូងក្នុង រយៈពេល៣០ឆ្នាំ ចុងក្រោយនេះ។ ការវិភាគទិន្នន័យបានបង្ហាញថា អត្រា នៃភាពក្រីក្របានកើនឡើងចំនួន ២.៨ភាគរយ ដោយរុញមនុស្សប្រហែល ៤៦០ ០០០នាក់ ឲ្យធ្លាក់ក្នុងភាពក្រីក្រវិញ ។ រដ្ឋាភិបាលបានឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាព ទៅនឹងជំងឺរាតត្បាត តាមរយៈអន្តរាគមន៍ជួយដល់អាជីវកម្ម និងគ្រួសារដែលងាយរងគ្រោះ ប៉ុន្តែដោយសារចំណាយពាក់ព័ន្ធមានការកើនឡើង រដ្ឋាភិបាលចាំបាច់ត្រូវពង្រឹងមូលដ្ឋាន សារពើពន្ធ ឲ្យបានរឹងមាំ ចាប់ពីពេលនេះទៅមុខទៀត ។
ធនាគារពិភពលោក បន្ថែមថា បើទោះជាសេដ្ឋកិច្ចបានងើបឡើងវិញ នៅឆ្នាំ២០២១ និង២០២២ មែនក្តី បរិយាកាសចុះខ្សោយ នៅខាងក្រៅមានន័យថា លទ្ធភាពវិលទៅទទួលបានអត្រា កំណើនដ៏រឹងមាំដែលធ្លាប់មាន នៅមុនការផ្ទុះជំងឺរាតត្បាត ពិតជានឹង មិនងាយរកបានទេ ។ សង្រ្គាមដែលនៅតែបន្តមាន ក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុត របស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន កត្តាទាំងអស់នេះ នឹងជះឥទ្ធិពល មិនល្អមកលើ ទស្សនវិស័យពាណិជ្ជកម្ម របស់កម្ពុជា ។ ប្រទេសនេះក៏ងាយរងគ្រោះខ្លាំង ពីផលប៉ះពាល់ នៃការប្រែប្រួល អាកាសធាតុផងដែរ ដោយសារត្រូវប្រឈមនឹងទឹកជំនន់ និងគ្រោះរាំងស្ងួតញឹកញាប់។
ហិរញ្ញប្បទាននេះ ទ្រទ្រង់ដល់កំណែទម្រង់ ដែលនឹងសម្រួលដំណើរ ការចុះបញ្ជីអាជីវកម្ម, លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាព ទទួលបានហិរញ្ញវត្ថុ សម្រាប់ សហគ្រាសធុនតូច និងមធ្យម ។ កំណែទម្រង់ផ្សេងទៀត នឹងបង្កើនភាពធន់នៃសារពើពន្ធ រួមទាំងការកែលម្អការគ្រប់គ្រង ភាពជាដៃគូ រវាងផ្នែកសាធារណៈ និងឯកជន និងការសម្រួលដល់ការលក់ប័ណ្ណបំណុល របស់រដ្ឋាភិបាលក្នុងទីផ្សារក្នុងស្រុក ។ ប្រតិបត្តិការ របស់ហិរញ្ញប្បទាននេះ ក៏នឹងជួយសម្រួល ដល់ការផ្តល់ជំនួយទាន់ពេលវេលា ដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះ មហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ណាមួយកើតឡើង ។
លោកស្រី ម៉ារៀម សាលីម ប្រធានគ្រប់គ្រង របស់ធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា «ខណៈដែលយុទ្ធសាស្ត្រ «រស់ជាមួយកូវីដ-១៩» បានជួយស្តារសេដ្ឋកិច្ចឲ្យរើបឡើងវិញក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែងាយរងគ្រោះដោយសារតែចរន្តធ្លាក់ចុះ នូវតម្រូវការក្រៅប្រទេស និងការរអាក់រអួលនានា នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល នៅឡើយ ។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ នឹងជួយកម្ពុជាក្នុងការជំរុញ ភាពប្រកួតប្រជែងរបស់ផ្នែកឯកជន, ពង្រឹងស្ថានភាពសារពើពន្ធរបស់កម្ពុជា និងផ្តល់ជំនួយដល់ប្រជាជន ងាយរងគ្រោះបំផុតរបស់ខ្លួន»។
សូមរំលឹកថា ហិរញ្ញប្បទាននេះ ឈរលើផែនការ របស់រដ្ឋាភិបាល សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញក្រោយសម័យជំងឺរាតត្បាត ដែលមានគោលបំណង ទូលំទូលាយបី គឺការស្តារសេដ្ឋកិច្ច, កំណែទម្រង់ និងការបង្កើនភាពធន់ និងបន្ថែមពីលើហិរញ្ញប្បទានចំនួន ២០០ លានដុល្លារអាមេរិក សម្រាប់ Cambodia Relief, Recovery, and Resilience Development Policy Financing ដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ២០២១ ៕