ភ្នំពេញ ៖ នាពេលថ្មីៗនេះ លោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីពាក់ព័ន្ធ ដើម្បីជួបពិភាក្សាការងារ ជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីត្រៀមបើកការដ្ឋានសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
នាឱកាសនោះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា «ក្រសួងនឹងត្រៀមរៀបចំពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាមនៅក្រុងកំពង់ចាម នាពេលដ៏ខ្លីខាងមុខនេះ»។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានក្រើនរំលឹក ដល់អាជ្ញាធរខេត្ត ឱ្យត្រៀមរៀបចំធនធានមនុស្សឱ្យបានរួចជាស្រេច ដើម្បីចូលទៅគ្រប់គ្រង សមិទ្ធផលថ្មីនេះ ព្រោះជាបទពិសោធន៍ បញ្ហានេះ បានកើតមានឡើង តាមបណ្ដាខេត្តផ្សេងៗ ដែលក្រោយពេលទទួល សមិទ្ធផលហើយជួបបញ្ហា ក្នុងការរៀបចំធនធាន មនុស្សដើម្បីគ្រប់គ្រង។
បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ ក៏បានស្នើឱ្យរដ្ឋបាលខេត្តកំពង់ចាម ជ្រើសរើសមន្ត្រីដើម្បីចូលទៅបម្រើការងារ នៅពេលដែលសមិទ្ធផលថ្មីនេះ បានសាងសង់រួចរាល់ជាស្ថាពរ និងបានសំណូមពរ ឱ្យអាជ្ញាធរខេត្តត្រៀម ពិនិត្យលទ្ធភាព រកទីតាំងជាស្រេចនៅទីប្រជុំជន ឬតំបន់ណា ដែលមានប្រជាជនរស់នៅច្រើន សម្រាប់ត្រៀមរៀបចំស្ថានីយចម្រោះទឹក កខ្វក់ដទៃទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យឆ្ងាយ ពីទីប្រជុំជនខ្លាំងពេក ដែលជាកត្ដាចំណាយថ្លៃ ដើមនៃការដឹកជញ្ជូនខ្ពស់ និងធ្វើឱ្យប៉ះពាល់ដល់ការចំណាយ របស់ប្រជាពលរដ្ឋ ។
សូមរំលឹកថា គម្រោង នៃការសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម នៅក្នុងក្រុងកំពង់ចាមនេះ គ្រោងចំណាយទឹកប្រាក់ ប្រមាណជាង ២២ លានដុល្លារ ហើយការរៀបចំស្ថានីយនេះត្រូវបែងចែកជាតំបន់ ដោយត្រូវប្រមូលទឹកកខ្វក់ ចេញពីតាមផ្ទះរបស់ប្រជាពលរដ្ឋ និងតំបន់អគារពាណិជ្ជកម្ម ចូលទៅក្នុងតំបន់ធំមួយ ដើម្បីធ្វើប្រព្រឹត្តកម្មមុន នឹងបង្ហូរចូលក្នុងប្រភពទឹកសាធារណៈ។ នៅពេលស្ថានីយ៍ប្រព័ន្ធចម្រោះទឹក កខ្វក់ត្រូវបានសាងសង់រួចរាល់ក្រុងកំពង់ចាមទាំងមូល នឹងលែងមានក្លិនស្អុយ តទៅទៀតហើយ៕