ព័ត៌មានជាតិ

ខែវិច្ឆិកា មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគជាង ១ពាន់លានរៀល និងជាង ៣៦ម៉ឺនដុល្លារ

ភ្នំពេញ ៖ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ១ ០១៧ ២២៤ ៦០០រៀល និង ៣៦១ ៦៨៤ ដុល្លារអាមេរិក ពីសប្បុរសជនចំនួន ៥ ៣១២រូប រួមមានសមាជិកកិត្តិយស៣រូប, សមាជិកគាំទ្រ ៣ ៨៣៨រូប និងសប្បុរសជនផ្សេងៗ ១ ៤៧១រូប។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នាពេលថ្មីៗនេះបាន​ឱ្យ​ដឹង​ថា​ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ចំពោះការបន្តគាំទ្រ និងចូលរួមចលនាកៀរគរអំណាយ ឧបត្ថម្ភធន និងវិភាគទាន ដើម្បីធានាចីរភាពនៃប្រភពចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ឲ្យអាចដំណើរការជាប្រក្រតី ប្រកបដោយនិរន្តរភាព ក្នុងការបន្តផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទារក និងកុមារ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ដែលបម្រើដល់គោលនយោបាយ លើកកម្ពស់សុខុមាលភាពសង្គម របស់រាជរដ្ឋាភិបាល ជាពិសេសសុខភាពរបស់កុមារ និងទារកនៅកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ និងធានាឲ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារកនៅកម្ពុជា និងសូមលើកទឹកចិត្តសាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឲ្យបន្តចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវា ជាមួយធនាគារ ABA, ACLEDA, Canadia, Chip Mong, Wing, Sathapana, Vattanac, J Trust Royal, Cambodian Public, ARDB, SME និង ភ្នាក់ងារ True Money ឬ តាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១។

សូមរំលឹកថា សប្បុរសជននានាអាចចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០រៀល/៥ ០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជា សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០រៀល ក្នុងមួយខែ/៦០ ០០០រៀលក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕

To Top