ព័ត៌មានជាតិ

លោក ប្រាក់ សុខុន នឹងចូលរួម​កិច្ច​ពិគ្រោះយោបល់នៅថៃ ដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចស្តីពីមីយ៉ាន់ម៉ា

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា នាថ្ងៃទី២២ ធ្នូនេះ នឹងចូលរួមកិច្ចប្រជុំ​ពិគ្រោះយោបល់ក្រៅផ្លូវការ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្តីពីមីយ៉ាន់ម៉ា ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១ ធ្នូ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូ​អញ្ជើញ ចូលរួមក្នុង​កិច្ច​ពិគ្រោះយោបល់ក្រៅផ្លូវការ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។

ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនេះ អ្នកចូលរួមរំពឹងថា នឹងមានការពិភាក្សាដោយត្រង់ទៅត្រង់មក និងប្រកបដោយភាពស្មោះត្រង់ លើមធ្យោបាយដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចស្តីពីមីយ៉ាន់ម៉ា ៕

To Top