ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរ ទៅសួរឪពុក-ម្ដាយ របស់ក្រុមអ្នកធ្វើបាតុកម្ម ប្រឆាំងដំណើរសម្តេច នៅក្រៅប្រទេសថា តើជីវភាពរាល់ថ្ងៃយ៉ាងម៉េចដែរ? ។
ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២នេះ សម្តេចតេជោ បានឱ្យលើកឡើងថា អាជ្ញាធរមូលដ្ឋាន គ្រាន់តែទៅសួរនាំឪពុក-ម្តាយ អ្នកធ្វើបាតុកម្មប្រឆាំង សម្តេចមិនមែនទៅគំរាមកំហែង នោះទេ។
សម្ដេចតេជោបានបញ្ជាក់ថា «រឿងបាតុកកម្មនេះ គេថាខ្ញុំគំរាមគេទៀត ខ្ញុំអត់គំរាមទេ ខ្ញុំថា ថតមុខឱ្យបាន យកទៅបិទនៅមុខពោធិ៍ចិនតុង ឬក៏ខ្ញុំចង់តាមដាន អ្នកឯងកំពុងស្រែកជេរខ្ញុំ ហើយខ្ញុំ នឹងយកឈ្មោះអ្នកឯង ទៅតាមរកគ្រួសារអ្នកឯង ដើម្បីឱ្យគ្រួសារ អ្នកឯងបានមើលថា កូនអ្នកឯងធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាលតាមរយៈចេះៗ ។ ប៉ុន្ដែសួរឪពុក-ម្ដាយ តើក្រដូចអ្វីដែលកូនអ្នកឯងនិយាយទេ បងប្អូនអ្នកឯងនិយាយទេអាហ្នឹង ខ្ញុំនឹងធ្វើឱ្យអ្នកឯងមើល» ។
សម្ដេចតេជោបន្ដទៀតថា «ឥឡូវផ្នែកសន្ដិសុខ យករូបភាពគេធ្វើបាតុកម្ម រួចហើយទៅ ដល់ផ្ទះឪពុក-ម្ដាយ និងក្រុមគ្រួសារគេ ។ យើងអត់មានការ គំរាមគំហែង ប៉ុន្ដែគ្រាន់តែទៅសួរជាក់ស្ដែង កូនរបស់លោកអុំ ឬក៏ប្អូនបង កំពុងធ្វើចឹង ហើយស្រែកជេរប្រមាថចឹង ឥឡូវជីវភាព របស់ក្រុមគ្រួសារបងឯង យ៉ាងម៉េចដែរ?» ។
សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមថា ក្នុងចំណោមអ្នកជេរប្រមាថ មកលើរូបសម្ដេចនោះ គ្រួសារបស់ឯងកំពុងរស់នៅ សុខសាន្ត ក្រោមដំបូរសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា ៕